សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ប្រាំចំណុច ដើម្បីជំរុញការចូលរួមអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ នាព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ប្រាំចំណុច ដើម្បីជំរុញការចូលរួមអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ជាមួយនឹងការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែរឹងមាំ។

អនុសាសន៍ណែនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួង ស្ថាប័ន ពាក់ព័ន្ធសម្រាប់អនុវត្តបន្តក្នុងនេះមាន ទី១. បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។ ខណៈនេះ យើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យនេះ។ដូច្នេះសូមដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ ស្មារតីសហការគ្នា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល។

ទី២. បន្តជំរុញបរិវត្តកម្មបច្ចេកវិទ្យាដល់វិស័យឧស្សាហកម្ម, សហគ្រាសធុនតូច និង មធ្យម ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤.០ ក្នុងគោលដៅចាប់យកឱ្យបានលឿន នូវបច្ចេកវិទ្យាចុងក្រោយទាំងឡាយ ដើម្បីបង្កើនផលិតភាពសហគ្រាស និង ជំរុញសហគ្រាស បុរាណ ក្នុងស្រុក ចាប់យកឱ្យបានទាន់ពេលវេលា និង ពេញលេញ នូវវឌ្ឍនភាពនៃវិទ្យាសាស្ត្រ ប ច្ចេកវិទ្យា និង នវានុវត្តន៍ ។

ទី៣. បន្តជំរុញឱ្យមាននូវថ្នាលបច្ចេកវិទ្យាចម្រុះថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ, ជាពិសេសវិស័យឯកជន ក្នុងការស្វែងរកទីផ្សារ ចាប់យកនូវខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។ ថ្នាលបច្ចេកវិទ្យានេះ ត្រូវឈរលើយន្តការកិច្ចសហការរវាងវិស័យសាធារណៈ, វិស័យអប់រំ និង វិស័យឯកជន តាមគំរូម៉ូដែលត្រីវ័ណ្ឌ (Triple Helix model) ដោយមានការចូលរួមយ៉ាងសកម្ម រវាងតួអង្គពាក់ព័ន្ធ ក៏ដូចជា ដៃគូអភិវឌ្ឍ ដើម្បីអប់រំ, បណ្តុះបណ្តាល, ស្រាវជ្រាវ និង អភិវឌ្ឍ ឆ្លើយតបទៅនឹងតម្រូវការសង្គម ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤។ទី៤. អនុវត្តយន្តការតាមដាន, ត្រួតពិនិត្យ និង វាយតម្លៃឱ្យបានម៉ឺងម៉ាត់ នូវការអនុវត្តរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមសូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០។ សម្ដេចធិបតី សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចបញ្ជូនរាល់ព័ត៌មាន និង សូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

ទី៥. សូមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល, ស្រាវជ្រាវ និង វិស័យឯកជន ជាពិសេស សហ- គ្រាសធុនតូច និង មធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវ មូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើគ្រប់វិស័យ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គោលដៅនេះអាចសម្រេចទៅបានអាស្រ័យលើការផ្លាស់ប្ដូរផ្នត់គំនិតរបៀបរបបចាត់ចែង ការគ្រប់គ្រងការងារ និង ធុរកិច្ច ជាមួយនឹងការវិយោគ ទាំងផ្នែកមូលធន និង ការបណ្តុះធនធានមនុស្ស “។សូមស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការគាំទ្រការដឹកនាំ និង សម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីឱ្យវិស័យអាទិភាពនេះ ក្លាយជាខឿន នៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា បានប្រសើរឡើង៕


ដោយៈវណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner