លិចទូកស្លាប់ជនភៀសខ្លួន នៅឥណ្ឌូនេស៊ី
ហ្សាកាតា៖ កាលពីថ្ងៃសៅរ៍ ជនជាតិរ៉ូហ៊ីងយ៉ាពីរនាក់ត្រូវបានគេប្រទះឃើញថាស្លាប់ នៅលើសមុទ្រ បន្ទាប់ទូកផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មួយគ្រឿងបានលិច ពេលកំពុងធ្វើដំណើរ។
លោក Mirza Safrinadi ប្រធានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានប្រាប់ថា
ទូកឈើមួយនេះបានដឹកមនុស្សប្រហែល ១៥០នាក់ ដូច្នេះ មានជនភៀសខ្លួនជាច្រើននាក់ទៀតនៅតែបាត់ខ្លួន។ យ៉ាងណាមិញ រាប់សិបនាក់ត្រូវបានសង្គ្រោះជីវិត ទាន់ពេលវេលា។
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ភាគច្រើន ត្រូវបានគេធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជារៀងរាល់ឆ្នាំ ពួកគេរាប់ពាន់នាក់ប្រថុយជីវិត ក្នុងការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ ដើម្បីព្យាយាមទៅដល់ម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី។
ទីភ្នាក់ងារទទួលបន្ទុកការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR បានឲ្យដឹងថា ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដល់ចុងខែមករា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១៧៥២នាក់ ដែលភាគច្រើន ជាស្ត្រី និងកុមារ បានធ្វើដំណើរទៅដល់ ខេត្ត អាឆេ និងស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី៕