សម្តេច ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា នៅខេត្តកំពង់ធំ
កំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា នាបរិវេណ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សូមរំលឹកថា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៣ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។បន្តមកទៀតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានបេតុង មួយខ្សែឆ្លងកាត់ស្ទឹងសែន ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ដែលតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដោយឡែកសមិទ្ធផលដែលត្រូវអភិសេកនៅក្នុងថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិជាច្រើន ដែលបានកសាងនៅក្នុងមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍។ តាមរយៈសមិទ្ធផលនេះ ក៏បានបង្ហាញអំពីកម្លាំងសាមគ្គី ប្រកបដោយសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាពុទ្ធសាសនិកខ្មែរ ដែលមិនត្រឹមតែជាការលើកស្ទួយ នូវវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ តែក៏រួមចំណែកលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការទាក់ទាញទេសចរជាតិ អន្តរជាតិឳ្យមកទស្សនា និងផ្ដិតរូបភាពដ៏ស្រស់ស្អាត ពីសំណង់ស្ថាបត្យកម្មបែបសាសនានៅខេត្តកំពង់ធំក្រោមដំបូលសន្តិភាពផងដែរ៕ដោយៈថេតវិចិត្រ