យុវជន និងអ្នកជំនាញ៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ការអភិវឌ្ឍប្រទេស
ភ្នំពេញ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះប្រមូលផ្តុំទៅដោយអ្នកដឹកនាំ អ្នករៀបចំគោលនយោបាយ នវានុវត្តន៍ករ និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ដើម្បីលើកស្ទួយតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា។
ជុំវិញពិធីនេះយុវតី ហេង និមល បានលើកឡើងពីការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន។យុវតីនិយាយថា សព្វថ្ងៃរីកចម្រើនខ្លាំងណាស់ ពិសេសនៅបរទេស ហេតុនេះនៅកម្ពុជាយុវជនត្រូវតែដើរឱ្យទាន់ និងធ្វើឱ្យបានសម្រាប់ការបង្កើនចំណេះដឹងថ្មីៗក្នុងការអភិវឌ្ឍចំណេះដឹង និងក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសជាតិ។
យុវតីរូបនេះបន្តថា”យុវជនទាំងអស់ត្រូវស្រវាស្រទេញក្នុងការរៀនយកចំណេះដឹងលើបច្ចេកវិទ្យាសម័យថ្មី។យើងនៅមានកង្វះខាតលើបច្ចេកវិទ្យាខ្លះៗ ហេតុនេះត្រូវខិតខំដើម្បីសម្រាប់ទីផ្សារការងារទាំងក្នុងស្រុកនិងក្រៅប្រទេស”។
យុវនារី ណៃ ហ័ង ជាបុគ្គលិកធនាគារបានបញ្ចេញទស្សនៈថា ការឈានចូលនូវបច្ចេកវិទ្យាបានចូលរួមផ្លាស់ប្តូរបែបបទការងារយ៉ាងច្រើន។វាបានជួយសម្រួលបន្ទុកការងារ និងបែបបទថ្មីៗផង។ហេតុនេះយុវជនដែលចង់ចេះនូវជំនាញនេះត្រូវចេះស្វែងយល់ពីបច្ចេកវិទ្យាឱ្យបានច្បាស់លាស់ ។ក្រៅពីនេះត្រូវចេះស្វែងយល់ពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាផង”។
យុវនារីរូបនេះបានបន្តថា ដើម្បីឈានទៅសម្រេចបានជោគជ័យនូវបច្ចេកវិទ្យានេះ ក្រៅពីយុវជនខ្លួនឯងបង្កើនចំណេះដឹង ឪពុកម្តាយ អាណាព្យាបាលក៏ត្រូវចូលរួមនិងជំរុញកូនៗរបស់ខ្លួនជាចាំបាច់ផងដែរ។បច្ចុប្បន្នកម្ពុជាកំពុងឈានចូលប្រទេសកំពុងអភិវឌ្ឍន៍ហើយ ។ហេតុនេះទាក់ទងបច្ចេកវិទ្យាយើងគួរតែពង្រឹងឱ្យបានរឹងមាំ ដើម្បីឆ្ពោះទៅមុច ដូចប្រទេសកំពុងរីកចម្រើនផ្សេងៗ។គេអាចដើរលឿនជាងយើង តែយើង ក៏ត្រូវដើរឱ្យគេទាន់ដែរ”។
លោក ផួនខារ៉ូ គ័រឌិន(poon Carr-o Goodon)ប្រធានអ្នកចាត់ការទូទៅនៃក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអាជីវកម្ម និងសុសវែរ ដែលជាក្រុមហ៊ុនបរទេសមួយប្រចាំនៅកម្ពុជាបានឱ្យដឹងថា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។គេឃើញថារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមអភិវឌ្ឍលើវិស័យមួយនេះឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
លោកបានបន្តថា”ទោះបីយ៉ាងណានបច្ចេកវិទ្យាក៏នៅមានចំណុចល្អ និងមិនល្អផងដែរ ។ហេតុនេះយុវជនកម្ពុជាក៏ដូចជាយុវជនប្រទេសដទៃទៀតត្រូវសិក្សាស្វែងយល់ពីវា។យើងត្រូវតែសិក្សាស្វែងយល់ ហើយត្រងយកតែចំណុចល្អៗសម្រាប់អភិវឌ្ឍខ្លួនឯងក៏ដូចជាប្រទសជាតិ”។
បើតាមឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថាដើម្បីឆ្លើយតប នឹងការវិវត្តយ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងឌីជីថលូបនីយកម្ម កម្ពុជាយល់ច្បាស់ពីភាពចាំបាច់នៃការប្រើប្រាស់គ្រឿងឧបករណ៍ និងចំណេះដឹងចាំបាច់ ដើម្បីឱ្យសហគ្រាសក្នុងស្រុក អាចរីកចម្រើនទៅមុខបានឆាប់រហ័ស ក្នុងស្ថានភាពនៃការប្រកួតប្រជែងសាកលកាន់តែខ្លាំង។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថាជាកត្តាលីករដើម្បីជំរុញការសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ លោក រិន រចនា