ម៉ាឡាវីស្វែងរកជំនួយចំនួន ២០០លានដុល្លារ ទប់ទល់គ្រោះទុរិ្ភក្ស
លីឡុងវ៉េ៖ មេដឹកនាំម៉ាឡាវីបានប្រកាសស្វែងរកជំនួយស្បៀងអាហារ ដែលស្មើនឹងទំហំទឹកប្រាក់ចំនួន ២០០លានដុល្លារ កាលពីចុងសប្តាហ៍មុន ដោយនិយាយថា ប្រជាពលរដ្ឋរាប់លាននាក់កំពុងប្រឈមនឹងភាពស្រែកឃ្លានដោយសារតែគ្រោះរាំងស្ងួត ដែលទាក់ទងនឹងបាតុភូតអាកាសធាតុ El Nino។
ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បានប្រកាសអំពាវនាវស្វែងរកជំនួយចំនួន ២០០លានដុល្លារកាលពីថ្ងៃចុងសប្តាហ៍មុន ធ្វើឡើងចំពេលដែលគ្រោះមហន្តរាយធម្មជាតិ បានប៉ះពាល់ដល់ស្រុកចំនួន២៣ ក្នុងចំណោមស្រុកចំនួន២៨ នៃប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ បន្ទាប់ពីមានការវាយតម្លៃរបស់រដ្ឋាភិបាល លើការខូចខាតដីស្រែចំការ ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino។
លោក Chakwera បាននិយាយនៅក្នុងសុន្ទរកថាថ្នាក់ជាតិថា ស្រុកទាំងនេះបានប្រឈមមុខនឹងការធ្លាក់ភ្លៀងមិនគ្រប់គ្រាន់ ទឹកជំនន់ និងគ្រោះរាំងស្ងួតដែលអូសបន្លាយ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំ និងលទ្ធភាពផលិតស្បៀងអាហារ ហើយស្ថានភាពនេះ គឺជារឿងដ៏មហន្តរាយ។
សំប៊ីដែលជាប្រទេសជិតខាងបានប្រកាសគ្រោះមហន្តរាយជាតិកាលពីចុងខែកុម្ភៈ បន្ទាប់ពីគ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញវិស័យកសិកម្មរបស់ខ្លួន។
តំបន់ដាំដុះដំណាំសំខាន់ៗនៅក្នុងប្រទេសម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី សំប៊ី និងហ្ស៊ីមបាវ៉េ ទទួលបានទឹកភ្លៀងជាមធ្យមត្រឹមតែ ៨០ភាគរយប៉ុណ្ណោះក្នុងរដូវក្តៅ នៃអឌ្ឍគោលខាងត្បូង ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដល់ខែកុម្ភៈ នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO)។
El Nino គឺជាបាតុភូតអាកាសធាតុធម្មជាតិ ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងកំដៅនៅទូទាំងពិភពលោក ក៏ដូចជាគ្រោះរាំងស្ងួតនៅក្នុងផ្នែកខ្លះនៃពិភពលោក និងភ្លៀងធ្លាក់ខ្លាំងនៅកន្លែងផ្សេងទៀត។ វាកើតឡើងរៀងរាល់ ២ ទៅ ៧ឆ្នាំម្តង ហើយមានរយៈពេលពី ៩ ទៅ ១២ខែ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា