សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ពីថ្ងៃទី២៥ ដល់ ២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរ សម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភា ពាណិជ្ជ កម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយ សមភាគី ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹង មាន ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់ ឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិក ក្លឹបធុរកិច្ច កម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេស ឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យសម្តេចធិបតី មានដំណើរទស្សនកិច្ចក្រៅប្រទេសច្រើនក្នុងដើមអាណត្តិ នៃការដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ ។

គិតមកដល់ពេលនេះ សម្រាប់តំបន់អាស៊ាន សម្តេចធិបតី បាន អញ្ជើញបំពេញទស្សនកិច្ចប្រទេសចំនួន៣រួចមកហើយ រួមមានប្រទេសវៀតណាម ទស្សនកិច្ចនៅ ថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣, ប្រទេសថៃ ទស្សនកិច្ចនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ និងប្រទេសម៉ាឡេស៊ី ទស្សនកិច្ចនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្រៅពីប្រទេសសមាជិកអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញទស្សនកិច្ចជាផ្លូវការនៅ ប្រទេស ចិន នាថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នាថ្ងៃទី ១៨ -១៩ ខែមករា ឆ្នាំ២០២៤។ ក្រៅពីបំពេញទស្សនកិច្ចផ្លូវការ សម្តេចធិបតី ក៏បានអញ្ជើញបំពេញបេសកកម្មការងារនៅឥណ្ឌូនេស៊ី អាមេរិក ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត ស្វីស និងអូស្ត្រាលីផងដែរ។ តាមរយៈដំណើរទស្សនកិច្ចទាំងផ្លូវការ និងបេសកកម្មការងារនេះ សម្តេចធិបតី និងគណៈប្រតិភូធ្វើដំណើរលើចម្ងាយ ផ្លូវរង្វង់ប្រមាណ ១០ម៉ឺន គីឡូម៉ែត្រ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner