លោក គីម ជុងអ៊ុន ជំរុញសាជាថ្មីឱ្យកងទ័ពត្រៀមខ្លួនកម្រិតខ្ពស់បំផុតសម្រាប់ប្រយុទ្ធ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់អង្គភាពរថក្រោះមួយ ដែលធ្លាប់បានវាយលុកចូលកូរ៉េខាងត្បូង អំឡុងសង្រ្គាមកូរ៉េ និងអំពាវនាវឱ្យមានការត្រៀមលក្ខណៈកម្រិតខ្ពស់បំផុតសម្រាប់ការប្រយុទ្ធ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម នៅថ្ងៃអាទិត្យម្សិលមិញ បានចុះធ្វើអធិការកិច្ចទៅកាន់អង្គភាពរថក្រោះ Seoul Ryu Kyong Su Guards ទី១០៥។ ជាមួយគ្នានេះ KCNA បានបញ្ចេញរូបភាពមួយចំនួនបង្ហាញពីសកម្មភាពលោក គីម កំពុងត្រួតពិនិត្យពីផែនការវាយប្រហារលើកូរ៉េខាងត្បូង ក្នុងករណីមានជម្លោះណាមួយផ្ទុះឡើង។
បើតាមទីភ្នាក់ងារ KCNA អង្គភាពរថក្រោះនេះ ធ្លាប់បង្កើតស្នាដៃដ៏ពិសេស នៅក្នុងការប្រយុទ្ធជាច្រើន អំឡុងពេលសង្រ្គាមរំដោះមាតុភូមិកន្លងមក ដោយសំដៅទៅលើសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដែលបានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាព ដែលនេះមានន័យថា ប្រទេសបងប្អូនកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេស។
គួរបញ្ជាក់ថា ទំនាក់ទំនងអន្តរកូរ៉េកំពុងស្ថិតនៅក្នុងចំណុចទាបបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលយោធាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធជាបន្តបន្ទាប់។ ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ និងកាំភ្លើងធំ ហើយថែមទាំងបានធ្វើតេស្តម៉ាស៊ីនប្រើឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ដើម្បីឆ្លើយតបនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា