ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ៖ សហគ្រាសធុនតូច និងមធ្យម ចំនួន ២ភាគរយប៉ុណ្ណោះ ចុះបញ្ជីក្នុងសេដ្ឋកិច្ចប្រព័ន្ធ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី បានលើកឡើងថា ក្នុងចំណោមអង្គភាព សេដ្ឋកិច្ចជាង ៧៥ម៉ឺនអង្គភាព គឺមានសហគ្រាសធុនតូច និងមធ្យម(SMEs) ផ្លូវការតែ ២ភាគរយប៉ុណ្ណោះ ដែលស្ថិតក្នុងបញ្ជីសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយក្រុមហ៊ុនធំៗប្រហែល ០,២ពីភាគរយ ។ នេះបើយោងតាមការជំរឿនសេដ្ឋកិច្ច។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាឱកាសនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលបានកំពុងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជា មានសហគ្រាសប្រភេទធុនតូចបំផុត(MSMEs) រហូតដល់ជាង៩៧ភាគរយ ហើយក្នុងចំណោមប្រភេទនេះភាគច្រើននេះទៅទៀត គឺស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលការណ៍នេះ តម្រូវឱ្យចូលរួមក្នុងប្រព័ន្ធ ដើម្បីទទួលបានការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗ ។

ឯកឧត្តម មានសន្និដ្ឋានថា អាចមានកត្តាជាច្រើន ដែលធ្វើឱ្យសហគ្រាសធុនមីក្រូនៅតូច និងមិនចូលក្នុងប្រព័ន្ធមា នជាអាទិ៍៖ បទពិសោធន៍អាជីវកម្ម ការចាប់យកទីផ្សារ ភាពជាសហគ្រិន សមត្ថភាពនៅក្នុងការបំពេញអនុលោមភាព កត្តាលក្ខខណ្ឌពន្ធដារមួយចំនួន ជាដើម ។

ក្នុងការលើកកម្ពស់អាជីវកម្មផ្នែកនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការច្រើនទាំងអាណិត្តនាពេលកន្លងមក ក៏ដូចជាអាទិភាពនៅក្នុងអាណត្តិនេះ ។ ឯកឧត្តម រដ្ឋមន្រ្តីរំលេចផងដែរថា«យើងចង់ពង្រឹងនិងចង់ជួយបងប្អូន ដែលបានបង្កើតអាជីវកម្មហើយ ប៉ុន្តែអាជីវកម្មនោះនៅក្រិន។ នៅក្នុងអាណិត្តរាជរដ្ឋាភិបាលទី៧នេះ គឺការចូលរួមប្រែក្លាយអង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធ ជាការងារអាទិភាពធំ ហើយកន្លងមក យើងបានធ្វើការងារជាច្រើនទាំងការផ្ដល់នូវការគាំពារសង្គម ផ្លូវនូវរបបសន្តិសុខសង្គម ការសម្រួលការចុះបញ្ជី ជាដើម» ។

គួរបញ្ជាក់ផងដែរថា យោងតាមលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានបង្ហាញថា ប្រទេសកម្ពុជា មានអង្គភាពសេដ្ឋកិច្ចជាង៧៥ម៉ឺនអង្គភាព ប៉ុន្តែភាគច្រើនលើសលប់ជាប្រភេទអាជីវកម្មធុនតូចបំផុត(MSMEs) ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ SMEs ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ មានតែជាង ៤ម៉ឺន ៤ពាន់មូលដ្ឋានប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២៣ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner