សមិទ្ធផលនានា នៅវត្តសាលវនរង្សី តម្លៃជាងកន្លះលានដុល្លារត្រូវបានបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លង
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា នៅ«វត្តសាលវនរង្សី» ហៅ វត្តស្រយង់កោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ក្រោមវត្តមានឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងជាឧត្តមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តមនគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធសាសនិក សប្បុរសជនជិតឆ្ងាយយ៉ាងច្រើនកុះករ។
សមិទ្ធផលទាំងនេះចូលរួមកសាងដោយតម្លៃជាទឹកប្រាក់ជាង៥១ម៉ឺនដុល្លារអាមេរិក។
នាឱកាសនោះ ឯកឧត្តម មាស សុភា បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ឯកឧត្តមបានថ្លែង កោតសរសើរព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណៈកម្មាការវត្ត អាជ្ញាធរភូមិ ឃុំ ស្រុក តាជី យាយជី សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួម កសាងសមិទ្ធិផល នៅក្នុង «វត្តសាលវនរង្សី»នេះ រួមមាន៖ ព្រះវិហារ ,ខ្លោងទ្វារផ្លូវចូល និងគុជសាគុជសី២ ,កុដិពីរខ្នង ,ផ្លូវបេតុងប្រវែង៩៥ម៉ែត្រ ,របងបេតុងប្រវែង២៣០ម៉ែត្រ ,ភ្លើងសូឡា៦០ដើម ,អណ្ដូងទឹកមួយ,អាងស្តុកទឹកមួយកន្លែង និងឃ្លាំងដាក់សម្ភារៈ មួយកន្លែង៕
ដោយ: ឡុង សំបូរ