នាំយកអំណោយសប្បុរសជនចែកជូនសិស្ស និងលោកគ្រូអ្នកគ្រូជាង ១.០០០នាក់ នៅខេត្តសៀមរាប និងជួសជុលអគារសិក្សានៅខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម កែ ក្រានីត សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍បានអញ្ជើញសួរសុខទុក្ខ នាំយកអំណោយចែកសម្ភារសិក្សា ដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ នៅស្រុកជីក្រែង ខេត្តសៀមរាប និងសាលាបឋមសិក្សាជ័យ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនេះឯកឧត្តម កែ ក្រានីត បានបញ្ជាក់ឱ្យដឹងថាអំណោយទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំក៏ដូចជាធនធានមនុស្ស ។ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលារៀន នៅគេហដ្ឋានដើម្បីក្លាយជា សិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អគ្រប់ៗគ្នា ជាសសរទ្រូងប្រទេសជាតិ ជាអ្នកបន្តវេនដ៏រឹងមាំនិងជាអនាគតរបស់ប្រទេសជាតិ។
ជាមួយនេះឯកឧត្តមក៏បាននាំយកនូវស័ង្កសីជ័រចំនួន៣២សន្លឹក ទ្វារឈើចំនួនបីសន្លឹក បង្អួចឈើចំនួន១២ ទៅជួសជុលអគារសិក្សាមួយខ្នង ស្ថិតនៅក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ៕
ដោយ: ប៊ុន រដ្ឋា