សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអញ្ជើញដល់ប្រទេសឡាវ ដើម្បីបំពេញទស្សនកិច្ចផ្លូវ ការរយៈពេល ២ថ្ងៃ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជ រដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុខសុវត្ថិភាពហើយ បន្ទាប់ពីធ្វើដំណើរប្រមាណជាង១ម៉ោង នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ។
ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម Alounxai Sounnalath រដ្ឋមន្ត្រីអម និងឯកឧត្តម Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំង ឯកឧត្តម Phouvong Vongkhamsao អភិបាលរងក្រុងវៀងចន្ទន៍ និងឯកអគ្គរាជទូត និងមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ។
សូមបញ្ជាក់ថា នៅម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៥មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវ ការនៅប្រទេស ឡាវ ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់ ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរ សម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភា ពាណិជ្ជ កម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយ សមភាគី ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានា ក្នុងការ លើក កម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹង មាន ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់ ឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិក ក្លឹបធុរកិច្ច កម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេស ឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេស ទាំង ពីរ ៕
ដោយ ៖ វណ្ណលុក