អភិបាលខេត្តកំពង់ធំអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តសសី
កំពង់ធំ: ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រះចៅអធិការ ហែម ម៉ៅ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានអញ្ជើញចូលរួមសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសសី ឃុំស្វាយភ្លើង ស្រុកតាំងគោក ។
ក្នុងពិធីដែលប្រារព្ធកាលពីថ្ងៃអាទិត្យទី២៤ ខែមីនា ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ វត្តអារាមគឺជាទីពឹងពំនាក់ ។ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង។ វត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បន្តទៀតថា បច្ចុប្បន្នដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានសាងសង់គ្រប់កន្លែង ។ជាក់ស្តែង វត្តទូទាំងខេត្តមានចំនួន២៩២វត្ត (ធម្មយុត្តិ០៤វត្ត) និងអាស្រមមាន២៣កន្លែងផងដែរ និងមានព្រះសង្ឃទូទាំងខេត្ត ចំនួន៣.២៩៥អង្គ។ វត្តអារាមមិនត្រឹមតែជាទីសម្រាប់ពុទ្ធបរិស័ទទទួលយកនូវពុទ្ធឱវាទនោះទេ ថែមទាំងជាទីសម្រាប់សិស្ស និស្សិតក្រីក្រស្នាក់អាស្រ័យ និងរៀនសូត្រផងដែរ។
ទាក់ទងប្រវត្តិវត្តសសី លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឳ្យដឹងថាបានកសាងឡើងនៅឆ្នាំ១៩៤១ លើផ្ទៃដីទំហំ ៣១.២៨៤ម៉ែត្រ ស្ថិតនៅភូមិប្ញស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដោយស្ថានភាពប្រជា សាស្ត្រ និងទីកន្លែងចាស់មិនមានអំណោយផលល្អ ព្រះសង្ឃ និងពុទ្ធបរិស័ទយើងបានតាំងវត្តលើទីតាំងថ្មីនេះវិញ ដោយប្រសិទ្ធនាមថា វត្តសសីតរៀងមក។ ចាប់តាំងពីបដិសន្ធិមក រហូតដល់បច្ចុប្បន្ននេះ វត្តសសី ត្រូវបានដឹកនាំដោយព្រះចៅអធិការសំខាន់ៗចំនួន៧អង្គ។ ឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧៥ ដឹកនាំដោយព្រះចៅអធិការចំនួន២អង្គគឺព្រះតេជគុណព្រះនាម ជួប និងព្រះនាម គង់ ថាញ់ រហូតដល់បច្ចុប្បន្ននេះព្រះចៅអធិការ ហែម ម៉ៅ បានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងវត្តមានការរីកចម្រើនជាលំដាប់៕
ដោយ: ប៊ុន រដ្ឋា