អ្នកនាំពាក្យ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាឱកាសនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងនូវមូលដ្ឋានគ្រឹះ នៃវឌ្ឍនភាព វិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរផងដែរ។
អ្នកនាំពាក្យសម្តេចធិបតីបានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងជំនួបទ្វេភាគីជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ។ ក្រៅពីជំនួបទ្វេភាគី សម្តេចធិបតីក៏នឹងមានកម្មវិធីសំខាន់ៗ មួយចំនួនទៀតផងដែររួមមាន៖ ជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទទួលជំនួបសម្តែងការគួរសមដោយឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្លិបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវ ផងដែរ។
ឯកឧត្តម មាស សុភ័ណ្ឌ បានមានប្រសាសន៍បន្តទៀតថា ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី ក៏នឹងអញ្ជើញទស្សនាកំពង់ផែស្ងួតថាងឌឺលេ និងមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងវៀងច័ន្ទផងដែរ។ សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប.ឡាវ) នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ដោយ៖ពលជ័យ