កម្ពុជា ដាក់គោលដៅពង្រីកសមាជិកគុនខ្មែរ ឱ្យបាន ៧៥ប្រទេស ដើម្បីស្វែងរកការគាំទ្រពីអូឡាំពិកអន្តរជាតិ

(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានបើកកិច្ចប្រជុំគណកម្មាធិការប្រតិបត្តិសហព័ន្ធ ក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយពង្រីកសមាជិកគុនខ្មែរ ឱ្យបាន ៧៥ប្រទេស ដើម្បីស្វែងរកកាគាំទ្រ និងទទួលស្គាល់ពីអូឡាំពិកអន្តរជាតិ (IOC) ជាពិសេសផ្សព្វផ្សាយនូវក្រមសីលធម៌គុនខ្មែរ ដែលជាបទបញ្ញាត្តិរួមមួយ សម្រាប់ពង្រឹងការគ្រប់គ្រងគុនខ្មែរ តាមបណ្ដាប្រទេសសមាជិកលើពិភពលោក ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីចុងសប្តាហ៍កន្លងទៅ។ នឹងរៀបចំពិភាក្សាពីផែនការ ឆ្នាំ២០២៤-២០២៥ ពិសេសដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក ខួបគម្រប់ទី៥ ឲ្យបានអធិកអធម នៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា សហព័ន្ធ ត្រូវខំប្រឹងរៀបចំ និងពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់ពីឋានានុក្រម បេសកកម្ម គោលបំណងការទទួលខុសត្រូវការអភិវឌ្ឍ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរយូរអង្វែងទៅអនាគត ។ កិច្ចការចម្បងមួយ យើងត្រូវរៀបចំឲ្យមានមូលនិធិគុនខ្មែរ សម្រាប់ជួយដល់កីឡាករ-កីឡាការិនី និងបម្រើឲ្យការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងបច្ចេកទេស និងការបំផុសចលនាគុនខ្មែរលើជាតិ និងអន្ដរជាតិ ដើម្បីពង្រីកគុនខ្មែរអោយសុះសាយលើឆាកអន្តរជាតិ ប្រកបដោយទំនុកចិត្តបន្ថែមទៀត។

គួររម្លឹកថា បច្ចុប្បន្ន សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ (KIF) មានសមាជិកចំនួន ៥៤ ប្រទេស ហើយថ្មីៗនេះ ម៉ុងហ្គោលី ក៏បានស្នើសុំចូលជាសមាជិកដែរ ។ គុនខ្មែរអន្តរជាតិ បានដាក់គោលដៅ ទាក់ទាញប្រទេសចូលជាសមាជិក KIF ឲ្យបានជាង ៧៥ប្រទេស ដើម្បីស្នើសុំ IOC ចូលជាសមាជិក ។ ដើម្បីពង្រឹងផ្ទៃក្នុង បទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រង ដឹកនាំសណ្ដាប់ធ្នាប់គុនខ្មែរលើពិភពលោកឲ្យបានល្អ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍ និងអភិរក្សគុនខ្មែររបស់យើង យូរអង្វែង និងប្រកបដោយចីរភាពទៅមុខ» ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner