កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ

(ភ្នំពេញ)៖ កម្មករនិយោជិត នៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីព វាយតម្លៃខ្ពស់អំពីដំណោះស្រាយ របស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ។

កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យក៏ដោយ ក៏នៅតែធ្វើការ ដើម្បីបើកប្រាក់ឈ្នួល ជូនកម្មករទាំងអស់ផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។

លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ។ លោកអរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល ឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ។

ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានដោះស្រាយករណីរោងចក្រ Y&W ហើយកម្មករនិយោជិតទាំងអស់ ទទួលបានការដោះស្រាយដ៏សមស្របមួយ។

លោកស្រីថា៖ «ខ្ញុំមិននឹងស្មានថាក្រសួងធ្វើការនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទេ។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ដែលក្រសួងខិតខំធ្វើការ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករពួកខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលនេះ ខ្ញុំបានទាំងកូន និងសំណងផងដែរ ពីព្រោះខ្ញុំទើបសម្រាលកូនថ្មីៗនេះ»។

ទន្ទឹមនឹងនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មើលឃើញថា ការបំពេញការងារទាំងថ្ងៃសៅរ៍ អាទិត្យ ទាំងយប់ទាំងថ្ងៃ លើករណីរោងចក្រ Y&W ជាពិសេស អំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនៅពេលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត។

គូសបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិត នៃក្រុមហ៊ុន Y & W នៅសាលាខណ្ឌដង្កោ។ ក្នុងនោះគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ មានកម្មករនិយោជិតនៃរោងចក្រ Y&W សរុបចំនួន ៣៧២៤ នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល។

ដោយឡែកកម្មករនិយោជិត ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់មុខងារផ្សេងៗ អាចបន្តបើកនៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនឹងឯកសារតម្រូវ ដូចមានក្នុងសេចក្តីណែនាំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner