សាលប្រគុំតន្ត្រីរុស្ស៊ីដែលរងការវាយប្រហារ ពាក់ព័ន្ធនឹងលោក Trump
បរទេស៖ ក្រោយកើតហេតុវាយប្រហារនៅទីតាំងប្រគុំតន្ត្រី ស្លាប់មនុស្ស រាប់រយនាក់ នៅរុស្ស៊ី មានលេចចេញព័ត៌មានដែលបង្ហាញថា សាលប្រគុំតន្ត្រីមួយនេះ ជាប់ព័ន្ធនឹងអតីតប្រធានាធិបតីអាមេរិក លោក Donald Trump។
AFP បានចេញផ្សាយអត្ថបទមួយ កាលពីថ្ងៃអាទិត្យថា ទីតាំងនោះ ត្រូវបានសាងសង់ឡើង ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ គឺលោក Aras Agalarov ។ រូបលោក និងកូនប្រុស ឈ្មោះ Emin Agalarov មានឥទ្ធិពលខ្លាំង ក្នុងប្រទេសរុស្ស៊ី ហើយ ពួកគេមានទំនាក់ទំនងជាមួយលោក Trump ។
លោក Trump ខ្លួនឯង ធ្លាប់បានប្រកាសថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគ្រួសារ ត្រកូល Aras Agalarov។ លោក Trump
ធ្លាប់បានបង្ហាញខ្លួន នៅក្នុងវីដេអូមួយរបស់ លោក Emin Agalarov មុនពេលទៅឈរឈ្មោះធ្វើជាប្រធានាធិបតី។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពី លោក Trump ប្រើប្រាស់ សាល Crocus City មួយនេះ រៀបចំការប្រកួត «បវរកញ្ញាចក្រវាល» កាលពីឆ្នាំ២០១៣ ហើយពេលនោះ លោកថែមទាំងអញ្ជើញលោកប្រធានាធិបតី ពូទីន ទៀតផង។ នៅពេលបោះឆ្នោត ត្រកូលត្រកូល Agalarov នេះ ក៏បានជួយលើការងារឃោសនាច្រើនដល់លោក Trump ប្រជែងនឹងលោកស្រី Clinton ផងដែរ។
តំបន់កើតហេតុនេះ ក៏ជាមជ្ឈមណ្ឌលលក់ទំនិញ និងជាទីតាំងរៀបចំព្រឹត្តិការណ៍ធំៗ ដូចជា ការបង្ហាញរថយន្ត ជាដើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត