បិទហាងអាមេរិក McDonald’s នៅស្រីលង្កាព្រោះគ្មានអនាម័យ
ក្រុមហ៊ុន Fast Food ធំជាងគេបំផុតនៅក្នុងពិភពលោក ហាង McDonald’s បានបិទទ្វា នៅក្នុងប្រទេសស្រីលង្កា ដោយសារបញ្ហាអនាម័យមិនល្អ។ McDonald’s លក់អហារជាប្រភេទ Hamburgers, សាច់មាន់បំពង, ដំឡូងបំពង, ភេសជ្ជៈ ជាដើម។
មន្ត្រីតុលាការពាណិជ្ជកម្មជាន់ខ្ពស់នៅប្រទេសស្រីលង្កា បាននិយាយថា ហាង McDonald’s នៅទូទាំងប្រទេសបានបិទទ្វារ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមហ៊ុន Fast Food ឬ អាហាររហ័សរបស់អាមេរិកមួយនេះ បានបើកការប្រយុទ្ធតាមផ្លូវច្បាប់ លើក្រុមហ៊ុនកាន់កាប់សិទ្ធិលក់ផ្តាច់មុខ ជុំវិញបញ្ហាអនាម័យ។ ក្រុមហ៊ុនមេ បានចោទប្រកាន់ក្រុមហ៊ុនលក់ផ្តាច់មុខឈ្មោះថា Abans មិនបានបំពេញតាមស្តង់ដារអនាម័យអន្តរជាតិ។
ប្រភពបានបន្តថា ការបញ្ជាឱ្យបិទ គឺមានរហូតដល់ថ្ងៃទី ៤ ខែមេសា ដោយរង់ចាំការស៊ើបអង្កេត ហើយនឹងមានសវនាការសម្រេចជាថ្មីនៅខែមេសា។
មិនមានការអត្ថាធិប្បាយភ្លាមៗ ពីក្រុមហ៊ុមេ McDonald’s ឬ ក្រុមហ៊ុន Abans ទេ គិតត្រឹមរសៀលថ្ងៃអាទិត្យ។ ក្រុមហ៊ុន Abans បានកាន់កាប់សិទ្ធិផ្តាច់មុខ ជាមួយនឹងការបើកហាងលក់ Fast Food របស់ McDonald’s ចំនួន ១២កន្លែង។ ក្រុមហ៊ុន McDonald’s បានចូលទៅប្រលូក ក្នុងទីផ្សាប្រទេសស្រីលង្កា តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត