រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញពិនិត្យ និង វាយតម្លៃគម្រោងវិនិយោគទេសចរណ៍ចំនួន ១៣កន្លែង នៅក្នុងតំបន់ការពារធម្មជាតិ ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានចុះពិនិត្យ និង វាយតម្លៃរកឃើញថា គម្រោងវិនិយោគ ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១ មានផ្ទៃដីទំហំ ៩,៨៦ហិចតា ,ទី២ ផ្ទៃដី៩,៦៧ហិចតា និង ទី៣មានផ្ទៃដី ៨,៦៧ហិចតា ,គម្រោង ២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីទំហំចំនួន ៨,៦២ ហិចតា ,មានផ្ទៃដីទំហំ ៧,០៧៩ ហិចតា ,និង ៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីជាង ៦០ហិកតា ។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ដែលបានថ្លែងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ដែរថា ដោយមានបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចុះត្រួតពិនិត្យនិងវាយតម្លៃ លើការគោរពច្បាប់និងធនធានធម្មជាតិ ចំពោះគម្រោងវិនិយោគទេសចរណ៍នានា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល មិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំកន្លងមក ។

គួរបញ្ជាក់ថា អនុលោមតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើមុំចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីទទួលបានភាពបៃតងរបស់កម្ពុជា គឺយើងត្រូវរួមចំណែក ធ្វើយ៉ាងណាដាំដុះដើមឈើ ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការ ដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង១ឆ្នាំ ដោយ ប្រជាពលរដ្ឋ អាចទទួលបានកូនឈើយកទៅដាំ ដោយឥតគិតថ្លៃពីក្រសួងបរិស្ថាន ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមសហគមន៍ លំនៅឋាន សាលារៀន វត្តអារាមជាដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner