សម្ដេចធិបតី៖ ដំណើរទស្សនកិច្ចនៅឡាវ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ សម្ដេចធិបតីបានបញ្ជាក់ទៀតថា សម្ដេចនិងនាយករដ្ឋមន្រ្ដីឡាវ បានជួបពិភាក្សាទ្វេភាគី និងមានការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-ឡាវ ដែលបានកំពុងជំរុញរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត ហើយប្ដេជ្ញាចិត្តនៅក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយយូរអង្វែង ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០២៣ កន្លងទៅនេះ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងសន្និសីទរួមគ្នារវាងសម្ដេចធិបតី និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្ដីឡាវ នៅសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចធិបតី បានបន្តទៀតថា កម្ពុជា និងឡាវ ប្ដេជ្ញាចិត្តរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយយូរអង្វែង។ ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការមួយចំនួនផងដែរ ដែលសំដៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ថាមពល សេដ្ឋកិច្ច ការតភ្ជាប់ជើងហោះហើរ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner