ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌៖ ករណីក្រុមហ៊ុន CIC ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីបោកប្រាស់នោះទេ

ភ្នំពេញ៖ ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌ បានបញ្ជាក់ថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច, ករណីក្រុមហ៊ុន CIC ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។

ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌ បានបន្តថា កន្លងមក តាមអ្វីដែលបានដឹង គឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។ សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ។

ទាក់ទងករណីនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កន្លងមកមានក្រុមហ៊ុននិងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។ គណៈមេធាវីបានបន្តថា ដោយបេសកកម្មរបស់វិជ្ជាជីវៈមេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការ រៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្ដឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃ។ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Pic) ហើយមានបំណងពិគ្រោះយោបល់ផ្នែកច្បាប់ឬពឹងពាក់មេធាវីជួយការពារក្តី សូមអញ្ជើញមកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះ រាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងការងារ ឬទំនាក់ទំនងជាមួយ លោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទូរស័ព្ទលេខ ០៧៧- ៣៥២ ២២២ ឬ ០៨៦-៩១៩ ១៦៨ និងលោកមេធាវី យូ លីមហួត ប្រធាននាយកដ្ឋានអធិការកិច្ច ទូរស័ព្ទលេខ ០១៧-៥៨៤ ៤៤៥៕
ដោយ៖ពលជ័យ

ads banner