កម្ពុជាត្រៀមកីឡាករ កីឡាការិនីជនមានពិការភាពឆ្នើម១០រូប ខណៈធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជានៅខែមិថុនាខាងមុខ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា នៅខែ មិថុនាខាងមុខនេះ ដោយមានអត្តពលិកជាជនមានពិការភាពមកពីបណ្ដាប្រទេសនានាប្រមាណ១០០នាក់ចូលរួម។

លោក Leon Lim អនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជា និងជាគ្រូបង្វឹកកីឡាប៊ូលីងបានឳ្យដឹងថា ការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា (1st Cambodia Open Para Bowling Championship 2024)គ្រោងនឹងរៀបចំពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅប្រូប៊ូល (ខាលែនឌែលម៉ល) រាជធានីភ្នំពេញដែលជាទីលានស្តង់ដារអន្តរជាតិ ។ លោកថា តាមការគ្រោងទុកនឹងមានកីឡាករ កីឡាការិនីមានពិការភាពប្រមាណ ១០០នាក់ចូលរួមប្រកួតប្រជែងមេដាយ ។ក្នុងនោះមកពីប្រទេសកូរ៉េ ម៉ាឡេស៊ី ជប៉ុន ថៃ សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀតដែលកំពុងតែពិភាក្សាគ្នា។

លោក Leon Lim បញ្ជាក់ទៀតថា នេះជាការទទួលធ្វើម្ចាស់ផ្ទះលើកដំបូង លើប្រភេទកីឡាប៊ូលីងសម្រាប់ជនមានពិការភាពអន្តរជាតិ នៅប្រទេសកម្ពុជា។ សម្រាប់កម្ពុជាម្ចាស់ផ្ទះ គឺត្រៀមកីឡាករកីឡាការិនីជនមានពិការភាពឆ្នើមចំនួន១០នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។ ក្នុងចំណោម១០នាក់ដែលជាកីឡាករកីឡាការិនីឆ្នើមៗនេះ នឹងជ្រើសរើសយកកីឡាករ៥នាក់ និងកីឡាការិនី៥នាក់។

អនុប្រធានសហព័ន្ធ បានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាបានប្រមូលកីឡាករកីឡាការិនីជនមានពិការភាពឲ្យចូលហ្វឹកហាត់ចំនួន២០នាក់ នឹងចំរាញ់ធ្វើតេសជាបន្តបន្ទាប់រហូតចំរាញ់ជ្រើសរើសបានកីឡាករកីឡាការិនីឆ្នើមតាមគម្រោងដែលបានគ្រោងទុក។ពោលការហ្វឹកហាត់ចំរាញ់នេះ មានរយៈពេល២ខែ ឬជាង២ខែ ។

បន្ថែមពីលើនេះ អនុប្រធានសហព័ន្ធ លោក Leon Lim ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្វឹកដល់កីឡាករ កីឡាការិនីកម្ពុជាឱ្យមានគុណភាពល្អ ដើម្បីចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ ក្នុងនាមជាម្ចាស់ផ្ទះ។

លោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធកីឡាប៊ូលីងកម្ពុជាបានរំលេចថា គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនេះ ចង់ចែករំលែកបទពិសោធន៍ និងចំណេះដឹងបច្ចេកទេសជូនដល់កីឡាករ កីឡាការិនីជំនាន់ក្រោយៗឱ្យចូលរួមលេងកីឡាឱ្យបានច្រើន និងចង់ចូលរួមជួយដល់សង្គមផងដែរ។ ជាមួយនឹងការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីមានពិការភាពកម្ពុជា នាពេលនេះ ក៏សម្រួចគោលដៅឆ្ពោះទៅចូលរួមប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នាឆ្នាំ២០២៥ នៅប្រទេសថៃទៀតផង។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាប៊ូលីង 34th Asian Inter-City ម្តងរួចទៅ ដោយទទួលបានជោគជ័យ ។នៅឆ្នាំ២០២៤នេះទៀតកម្ពុជាក៏បានគ្រោងរៀបចំការប្រកួតកីឡាប៊ូលីង 1st Cambodia International Open 2024 នាខែសីហា ខាងមុខ៕
រូបភាពៈជីម ភារ៉ា និងអត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner