សម្តេច ម៉ែន សំអន ៖ ការចុះអនុស្សរណៈ រវាងក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក បង្ហាញពីជោគជ័យក្នុងការពង្រឹងសហគ្រិនភាព

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញជាអធិបតីក្នុង ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក នាសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី នៅថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ក្នុងឳកាសនេះថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្ត និងជួយ សម្រប សម្រួលគ្រប់ បែប យ៉ាងដល់អ្នកវិនិយោគិន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ក្នុងនីតិកាលទី ៧  ក្រោមដំបូលនៃម្លប់សុខសន្តិភាព ។   

សម្តេចសង្ឃឹមយ៉ាងមុតមាំថា តាមរយ: អនុស្សណ:រវាងក្រុមហ៊ុនទាំងពីរ ក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាព អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និង ការ ខិតខំទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស គឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្ត បណ្តាក់ទុន និងធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើន សេដ្ឋកិច្ច បង្កើតឱកាស ការងារនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

ពាក់ព័ន្ធនឹងការចុះអនុស្សរណៈ អ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា នេះជាការពង្រីកនូវចំណងទាក់ទំនងពាណិជ្ជកម្ម ដែលកន្លងមកក្រុមហ៊ុន ជីប ម៉ុង មានដៃគូរ ពាណិជ្ជកម្មចំនួន ១៥ ដោយរាប់ទាំងក្រុមហ៊ុនថៃសាមសុង។ តាមរយ: កិច្ចព្រមព្រៀង ពាណិជ្ជកម្មនេះ គឺក្រុមហ៊ុន ជីប ម៉ុង ទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូល ផ្គត់ផ្គង់ និង ចែកចាយផិតផល ដូចជា ទូរសព្ទដៃ មថេបប្លែត នាឡិកាដៃវៃឆ្លាត ចូលក្នុងទីផ្សារកម្ពុជា។
ចំណែកលោក ម៉ាក គីម អនុប្រធានសាជីវកម្ម និងជានាយកផ្នែកទូរសព្ទនៃ ក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក បានលើកឡើងថា ក្រុមហ៊ុននឹងនាំមកនូវផលិតផលដ៏ទំនើប ប្រកបដោយនវានុវត្តន៍ថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា៕

ដោយៈហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner