សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នារសៀល ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ។
ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី កម្ពុជា នីតិកាលទី៧ កាលពី ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។
ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត ។
ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗ មួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ ។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះ ឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។
ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។ សម្តេចធិបតី បន្តទៀតថា សក្តានុពលនៃកម្ពុជា និងឡាវ នៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀត ក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន ៕
ដោយ ៖ វណ្ណលុក
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-26_08-52-37-682x1024.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-26_08-52-39-682x1024.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-26_08-52-40-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-26_08-52-41-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-26_08-52-42-1024x623.jpg)