ក្រចេះ ជាខេត្តទី៣ ត្រូវបានប្រកាសជាខេត្តអស់មីន

ភ្នំពេញ៖ ក្រចេះ ជាខេត្តទី៣ ត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរខេត្តក្រចេះ ដែលត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី បានអោយដឹងថា ថ្ងៃទី២៦មីនា ២០២៤ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាព រួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចបានបន្តថា រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារ បោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិ បត្តិករ ចំនួន ៣ រួមមាន៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំ ណល់ សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បាន បោស សម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជិត ៤០ម៉ឺននាក់ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលខេត្តក្រចេះ អស់មីន គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេលជាង ៦ខែ នៃរាជរដ្ឋាភិបាល អាណត្តិ ទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និង គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរស បណ្តា ប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រយៈពេលជាង ៦ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានខេត្តចំនួន ០៣ ត្រូវបានប្រកាសជាខេត្ត អស់មីន រួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner