សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវ ប្រចាំឆ្នាំ នៅប្រទេសចិន ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ ២០២៤

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់ អាស៊ី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រ សួងការបរទេស ដែលទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។

អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិ បាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពី ថ្នាក់ដឹក នាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវ ជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។

ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ ដឹកនាំ ជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន ចិន និងលោក នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជា អនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និង ឯកឧត្តម ហ្នឹង ហ្វី លេខា ធិការនៃគណៈ កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញ បំពេញទស្សនកិច្ចនៅបណ្ឌិត សភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិ បត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner