សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការដោយជោគជ័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ដោយបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ដែលនឹងផ្តល់ផល់ប្រយោជន៍ទៅវិញទៅមកជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ ។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, នៅថ្ងៃទី២៥ ខែមីនា ម្សិលមិញនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អមដោយអ្នកវិនិយោគមកពីសភាពាណិជ្ជកម្មកម្ពុជាផងនោះ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ សោមនស្សរីករាយ និងកិត្តិយសជាទីបំផុតពីសំណាក់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីរបស់ឡាវ ។

ក្នុងជំនួបទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សនសៃ ស៊ីផាន់ដន បានបង្ហាញការពេញចិត្ត និងរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ក្រៅពីបង្ហាញការពេញចិត្តលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ។

ថ្លែងនៅក្នុងសន្និសីទរួមគ្នាក្រោយជំនួបទ្វេភាគនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរ បានពិភាក្សាផ្តោតលើបញ្ហាសំខាន់ៗចំនួន៦ រួមមានបញ្ហាព្រំដែន សន្តិសុខ បញ្ហាសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងប្រជាជនប្រទេសទាំងពីរផងដែរ ។ នៅក្រោយជំនួបពិភាក្សាការការងារទ្វេភាគីហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំងពីរចំនួន៧ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការព្រំដែន និងថាមពល ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ ។ ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រធានរដ្ឋឡាវ អំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនាយករដ្ឋមន្ត្រីឡាវ ដោយបានរំលេចលទ្ធផល នៃកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលរួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។

ឯកឧត្តមប្រធានរដ្ឋឡាវ សម្ដែងការពេញចិត្តចំពោះលទ្ធផលកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ។ ប្រធានរដ្ឋឡាវ ចាត់ទុកលទ្ធផលនេះ ជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព ។ ឯកឧត្តម ប្រធានរដ្ឋឡាវ បានបង្ហាញការប្ដេជ្ញាចិត្តរបស់ឡាវ ក្នុងការរកដំណោះស្រាយលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យលោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ ក្នុងជំនួបនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា សក្តានុពល នៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន ។

នៅក្នុងដំណើរទស្សនិកច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាល និង សួរសុខទុក្ខសិក្ខាកាម និស្សិត និងអ្នកវិនិយោគរបស់ខ្មែរ ដែលកំពុងសិក្សារៀនសូត្រ និងរកស៊ីនៅក្នុងប្រទេសឡាវ ដោយសម្តេច បានផ្តាំផ្ញើនិស្សិតទាំងអស់ ខិតខំយកចិតទុក ដាក់រៀបចំខ្លួន សិក្សា ហើយចាប់យកជំនាញឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍ ខ្លួនឯង និងយកទៅជួយដល់សង្គមជាតិ។

សម្តេចធិបតី ក៏គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រតិបត្តិឱ្យសាកសមជាកូនខ្មែរ ព្រោះម្នាក់ៗជាអគ្គរដ្ឋទូតក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក៖ ១) រក្សាបានក្រមសីលធម៌, ២) កសាងទំនាក់ទំនងឱ្យបានល្អប្រសើរ ពិសេសមិត្តភាព និង៣) ខិតខំផ្សព្វផ្សាយវប្បធម៌ជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner