ព្រឹកស្អែក ក្រសួងយុត្តិធម៌ នឹងបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្រសួងយុត្តិធម៌នឹងរៀបចំ “មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំង ចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។

មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះ នឹងរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣, ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ៥:០០ នាទីល្ងាច នៅទីតាំងខាងលើ ដើម្បីបង្ហាញអំពីលទ្ធផលនៃមហាសន្និបាតរយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីមហាសន្និបាតនេះ ត្រូវបានបិទបញ្ចប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner