រដ្ឋបាលខេត្តបាត់ដំបងកែប្រែកំណាត់ផ្លូវខេត្តលេខ១៥៧A ទៅជា ផ្លូវក្រាលកៅស៊ូ
បាត់ដំបង៖ជាចំណងដៃថ្មីនាដើមឆ្នាំ ឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបងបានអញ្ជើញបើកការដ្ឋាន ជួសជុលកំណាត់ផ្លូវ ខេត្តលេខ ១៥៧Aប្រវែងជាងបីគីឡូម៉ែត្រ,ទទឹងប្រាំពីរម៉ែត្រឱ្យជាផ្លូវក្រាលកៅស៊ូប្រភេទDBST ស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ នៃស្រុកបាណន់។ការដ្ឋាននេះអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដែលជាការបញ្ចប់កំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រ។
បង្ហាញវត្តមានក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃចន្ទ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ យកចិត្តទុកដាក់ ក្នុងការបើក ផ្លូវនិងរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន ដើម្បីងាយស្រួល ដល់ការពង្រីកផ្លូវនៅពេលអនាគត។ឯកឧត្តម ក៏បាន អំពាវនាវដល់ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និង ប្រជាពលរដ្ឋទាំងអស់ មិនត្រូវសាង សង់នូវសំណង់រឹងមាំ នៅលើដីចំណីផ្លូវឬ ចិញ្ចើមផ្លូវ ដែលនាំឱ្យមាន ការខាតបង់ក្នុងការរុះរើចោលថ្ងៃក្រោយ។
សម្លឹងទៅរកគ្រឿងចក្រដែលនឹងធ្វើសកម្មភាពបន្ទាប់ពីអភិបាលខេត្តប្រកាសបើកការដ្ឋានជាផ្លូវការ លោក សឿន ម៉ត មេឃុំកន្ទឺ២ ស្រុក បាណន់ បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណ រដ្ឋបាល ខេត្តដែល បាន ជួសជុលកែលម្អ ផ្លូវខេត្តលេខ១៥៧A តភ្ជាប់ នេះក្លាយជាផ្លូវកៅស៊ូ។លោកថា ផ្លូវនេះនឹងជួយសម្រួលដល់ការដឹក ជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងឃុំ ក៏បានលើកឡើងថា កាលពីមុន ផ្លូវខេត្តនេះមានស្ថានភាពខូចខាតខ្លាំង ពិបាកក្នុងការ ធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារនៅពេលរដូវវស្សា។ប៉ុន្តែក្រោយពេលផ្លូវនេះជួសជុលក្រាលកៅស៊ូ ឡើងវិញ ពិតជា បង្កនូវភាពងាយស្រួលជាងមុន។
ក្នុងពេលបើកការដ្ឋានលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ផ្លូវ ខេត្តលេខ១៥៧A មានប្រវែងជាង២០គីឡូម៉ែត្រ បានជួសជុលក្រាលកៅស៊ូ ជាដំណាក់ កាលៗរួចរាល់លើកំណាត់ផ្លូវប្រវែង១៧គីឡូ ម៉ែត្រ។ ចំណែក ការបើកការដ្ឋានជួសជុលនៅថ្ងៃនេះ គឺជាជំហានបញ្ចប់លើ កំណាត់ ផ្លូវប្រវែង ៣ ១០០ម៉ែត្រ។
លោក ព្រួញ រិទ្ធថា បន្ថែមថា បន្ទាប់ពីការងារជួសជុលកំណាត់ ផ្លូវ មួយ ខ្សែ នេះរួចរាល់ គឺជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅ នឹង សំណូម ពរ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចចរាចរណ៍ ដឹកជញ្ជូនកសិផល និងការផ្លាស់ប្តូរសេដ្ឋកិច្ចលើគ្រប់ វិស័យ កាន់តែប្រសើរឡើងថែមទៀត សំដៅរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ជាតិ ឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ។
លោកប្រធានមន្ទីរបានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ សូមរួមចំណែកធ្វើការលះបង់ ចូលរួមរុះរើរបង និងសំណង់ ផ្សេងៗ លើដីចំណីផ្លូវ ដើម្បីបង្កលក្ខណៈឱ្យស្ថានភាពផ្លូវថ្នល់កាន់តែមានភាពធំ ទូលាយ ដែលធ្វើឱ្យក្រុម ការងារបច្ចេកទេស មានភាពងាយស្រួលក្នុងការ បំពេញ ភារកិច្ចបានឆាប់រហ័សទាន់តម្រូវ ការ ប្រើប្រាស់ របស់បងប្អូន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប