រដ្ឋបាលខេត្តបើកកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ

កំពង់ធំ៖ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ ៗ ខាងមុននេះ កាលពីថ្ងៃចន្ទ គណៈកម្មការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ត កំពង់ធំ ដឹកនាំកិច្ចប្រជុំដោយ លោក ញ៉ឹក បានខេង អភិបាលរង ខេត្តកំពង់ធំ ទាក់ទងនឹងការ បើកព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំ២០២៤ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។

សូមជម្រាបថា សង្ក្រាន្តកំពង់ធំមាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវិទ្យា ល័យកំពង់ធំ ដោយនៅពេលថ្ងៃ មានរៀបចំកម្មវិធីលេងល្បែង ប្រជាប្រិយខ្មែរ បោះអង្គញ់ ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង ទាញព្រ័ត្រ ជាដើម។ ជាមួយគ្នានេះ ក៏មានកម្មវិធីរាំលេងកម្សាន្តតាម ចង្វាក់ប្រពៃណីបុរាណខ្មែរផងដែរ។

ដោយឡែក នៅពេលរាត្រី មានកម្មវិធីប្រគំតន្ត្រី ការតាំងពិព័រណ៍ ការសម្តែងសិល្បៈ និងទស្សនីយភាពប្លែកៗ តាមបណ្តោយ សួន ស្ទឹងសែន និងជាពិសេសមានកម្មវិធីប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់ មាត់ស្ទឹងសែនទល់មុខសាលាខេត្តកំពង់ធំ ទៀតផង ៕
ដោយ៖ប៊ុន រដ្ឋា

ads banner