មនុស្ស ៦នាក់ស្លាប់ ក្រោយកប៉ាល់បុកស្ពាននៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិក នៅថ្ងៃអង្គារ បានផ្អាកការរុករករបស់ពួកគេ បន្ទាប់ពីមនុស្ស ៦នាក់ដែលកំពុងបាត់ខ្លួន ត្រូវបានគេជឿជាក់ថា បានស្លាប់ បន្ទាប់ពីហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក។

ស្ពាន Francis Scott Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់ បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿងបុកចំពេញទំហឹង នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី២៦ខែមីនា បណ្តាលឲ្យស្ពានមួយនោះបាក់ ហើយរថយន្តជាច្រើនគ្រឿង រួមជាមួយនឹងមនុស្សបានធ្លាក់ចូលទៅក្នុងទឹកទន្លេ។ កប៉ាល់នេះ បានចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា។ បើតាមការគ្រោងទុកនោះ កប៉ាល់នេះនឹងទៅដល់គោលដៅនៅថ្ងៃទី២២ ខែមេសាខាងមុខ។

កប៉ាល់ដឹកទំនិញនេះ បានបាត់បង់ការគ្រប់គ្រង នៅពេលចាកចេញពីកំពង់ផែ ហើយក្រុមនាវិកក៏បានជូនដំណឹងដល់មន្ត្រីរដ្ឋ Maryland ផងដែរ។ បើតាមការបញ្ជាក់ពីអាជ្ញាធរ សមាជិកនាវិកទាំងអស់ ២២នាក់នៅលើកប៉ាល់ Dali និងអ្នកបញ្ជាកប៉ាល់ ២នាក់ ត្រូវបានរកឃើញ ហើយគ្មាននរណាម្នាក់រងរបួសឡើយ។

ទីភ្នាក់ងារ FBI និងទីភ្នាក់ងារផ្សេងទៀតបានចេញមុខអះអាងថា មិនមានការជាប់ពាក់ព័ន្ធជាមួយអំពើភេរវកម្មទេ ខណៈដែលអភិបាលរដ្ឋ Maryland លោក Wes Moore បានគូសបញ្ជាក់ថា ការស៊ើបអង្កេតបឋមបានចង្អុលទៅលើគ្រោះថ្នាក់មួយប៉ុណ្ណោះ។

ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅហេតុការណ៍នេះថា ជា “ឧប្បទ្ទវហេតុដ៏គួរឱ្យរន្ធត់” ហើយបានសន្យាថា នឹងធ្វើឱ្យកំពង់ផែបើកដំណើរការឡើងវិញ ហើយស្ពានរងការខូចខាតនឹងត្រូវសាងសង់ឡើងវិញជាបន្ទាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

Six presumed dead after ship destroys major US bridge

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner