សិស្សខ្មែរពិបាកប្រជែងស្តង់ដាអន្តរជាតិ ក្រសួងអប់រំកំពុងកែលម្អ

ភ្នំពេញ៖នៅប្រទេសកម្ពុជា ៥៩ភាគរយនៃសិស្សអាយុ១៥ឆ្នាំ ស្ថិត ក្រោមមាត្រដ្ឋានសេដ្ឋកិច្ចសង្គមនៃស្តង់ដាអប់រំអន្តរជាតិក្នុងឆ្នាំ ២០២២។ នេះមានន័យថា ពួកគេស្ថិតក្នុងចំណោមសិស្សដែលជួបការលំបាក បំផុត ក្នុងការទទួលបានលំដាប់ពិន្ទុដែល កំណត់ដោយកម្មវិធីសម្រាប់វាយតម្លៃ សិស្សអន្តរជាតិ ឬហៅកាត់ថា PISA ។ នេះបើយោងតាមលោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិត សុខ សូត្រ បញ្ជាក់ថា តាមប្រភពជាផ្លូវការរបស់អង្គការ ដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) នៅឆ្នាំ២០២២ ជាឆ្នាំដែលគ្មានសិស្សក្នុងប្រទេសកម្ពុជាណាម្នាក់បានទទួលពិន្ទុមុខវិជ្ជាគណិតវិទ្យាដល់កម្រិត ៥ ឬ ៦ ក្នុងការធ្វើតេស្តគណិតវិទ្យា PISA នៅឡើយទេ ខណៈដែលប្រទេសជាសមាជិក OECD មួយចំនួនមានលំដាប់ពិន្ទុខ្ពស់។ តួយ៉ាងនៅប្រទេសតួកគីនិងវៀតណាមសិស្សដែលមានប្រវត្តិសេដ្ឋកិច្ចសង្គមស្រដៀងគ្នាមានទំនោរទទួលបានពិន្ទុខ្ពស់ជាងកម្ពុជាគួរឱ្យកត់សម្គាល់។

លទ្ធផលគណិតវិទ្យា សិស្សកម្ពុជាទទួលបានពិន្ទុមធ្យម ៣៣៦ កើន ឡើង១១ភាគរយ តែនៅទាបជាងលំដាប់ពិន្ទុរបស់ប្រទេសអាស៊ានដែល មានពិន្ទុមធ្យម ៤១៨។ ចំណែក លទ្ធផលវិទ្យាសាស្រ្ត សិស្សកម្ពុជា ទទួលបានពិន្ទុជាមធ្យម ៣៤៧ កើន ១៧ពិន្ទុ ប៉ុន្តែទាបជាងអាស៊ាន ដែលមានពិន្ទុមធ្យម ៤២៤។ នេះបើយោងតាម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបានកត់សម្គាល់ពីលំដាប់ពិន្ទុរបស់សិស្សខ្មែរដែលនៅទាបជាងលទ្ធផលរបស់បណ្តាប្រទេសអាស៊ាន។ យ៉ាងណាក៏ដោយ លោកចាត់ទុកថា កំណើនពិន្ទុជារឿងវិជ្ជមាន ហើយថាសាលារដ្ឋ និងឯកជនមួយចំនួន អាចឈានទៅដល់ ឬលើសពិន្ទុកម្រិតមធ្យមភាគរបស់អាស៊ានផងដែរ។
ទន្ទឹមគ្នានេះ សិស្សកម្ពុជាត្រូវបានចាត់ទុកថា ជាសិស្សជួបការលំបាក បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងម៉ោងសិក្សា កត្តាសិស្ស កត្តាគ្រូ កត្តាសាលា កត្តាកម្មវិធីសិក្សា។ ប្រទេសកម្ពុជា ជួបបញ្ហាប្រឈម ជាមួយម៉ោងសិក្សា កង្វះថ្នាក់រៀន និងកង្វះគ្រូបង្រៀននៅតាមទីជនបទ កត្តាសិស្សមកសាលាយឺត អវត្តមានញឹកញាប់ ចូលរៀនយឺតជាងអាយុ រៀនត្រួតថ្នាក់ លេងទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចក្នុងថ្នាក់ ធុញថប់ជា មួយនឹងមុខវិជ្ជាគណិត ខ្វះការគាំទ្រពីគ្រួសារក្នុងការស្វ័យសិក្សា ខ្វះការចូល រួមពីឪពុកម្ដាយ និងការតាមដានការសិក្សារបស់សិស្ស ជាដើម។
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ មើលឃើញថា ក្រសួងអប់រំបាននិងកំពុងតែកែលម្អជាបណ្ដើរៗ ដើម្បីឱ្យលទ្ធផលសិក្សារបស់សិស្សបានដល់កម្រិតអន្តរជាតិដូចប្រទេសជិតខាង និងប្រទេសផ្សេងទៀតក្នុងសកលលោក។

គួររំលឹកថា កម្ពុជាបានចុះឈ្មោះចូលកម្មវិធីវាយតម្លៃលទ្ធផលសិក្សា របស់សិស្ស ឬ PISA នេះ នៅឆ្នាំ២០១៨ និងបានចូលរួមអនុវត្តនៅឆ្នាំ ២០២២។ PISA មកពីពាក្យពេញថា Program for International Student Assessment បានផ្ដល់បទពិសោធន៍ និងភស្ដុតាងសំខាន់ៗមួយ ចំនួនដល់ក្រសួងអប់រំក្នុងការស្វែងយល់ពីសមត្ថភាពសិស្សអាយុ១៥ឆ្នាំ នៅកម្ពុជាធៀបនឹងបរិបទអប់រំសកលនិងបញ្ហាប្រឈមមួយចំនួនក្នុងប្រព័ន្ធអប់រំកម្ពុជាក្នុងបំណងធ្វើឲ្យលទ្ធផលសិក្សាប្រសើរឡើង៕
ដោយ៖វ៉ាន គីមសល់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner