មន្រ្តីខេត្ត៖រៀនបានទាំងជំនាញ មានទាំងប្រាក់ខែ, សូមក្ដាប់ឱកាសនេះ ឱ្យបាន

ស្វាយរៀង៖ប្រជាពលរដ្ឋ ៣៤ ០០០នាក់ក្នុងខេត្តស្វាយរៀង នឹងមានឱកាស បានចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង «រៀនមានប្រាក់ខែ»។ដូចនេះត្រូវតែក្តាប់ឱកាសនេះឱ្យបាន ដើម្បីអាជីពផ្ទាល់ ខ្លួន និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារផងដែរ។ អ្វីដែលសំខាន់ថែមទៀត គឺតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រសហគ្រាសរាប់រយ កំពុងត្រូវ ការអ្នកមានចំណេះជំនាញ ចូលបម្រើការងារ ដោយទទួលបានប្រាក់ខែ ខ្ពស់ថែមទៀតផង។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានអធិប្បាយយ៉ាងដូច្នេះ ក្នុងឱកាសលោកធ្វើតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ យុវជន យុវនារី ជាសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ក្នុងកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក កាលពីថ្ងៃអង្គារទី២៦ ខែមីនា ឆ្នាំ២០២៤។
លោកអភិបាលរងខេត្តស្វាយរៀងបានបន្ថែមថា ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់ និយោជិក កម្មករផងដែរ។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បាន លើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យជាផ្តល់ឱកាសដល់យុវជនយុវនារីដែលបានសិក្សាតិចតួចនៅសាលាចំណេះដឹងទូទៅឱ្យមានឱកាសសិក្សារៀនសូត្រទាំងជំនាញបច្ចេកទេសនិងជំនាញរស់នៅប្រចាំថ្ងៃផងដែរ។ជាពិសេស ក្រោយ បញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចបន្តការសិក្សាកម្រិតទី២ បន្តទៀតប្រសិនបើមានបំណងចង់សិក្សាបន្ត។ 

សូមជម្រាបថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាកាលពីចុងឆ្នាំ២០២៣បានដាក់ចេញនូវផែនការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស ដល់យុវជន យុវនារី មកគ្រួសារក្រីក្រនិងគ្រួសារងាយ រងហានិភ័យ ចំនួន១.៥ លាននាក់។ការសិក្សាមានរយៈពេលបួនខែ ដោយរដ្ឋចំណាយ ទាំងស្រុងលើការស្នាក់នៅ ហូបចុក និងទទួលបានប្រាក់ឧបត្ថម្ភ
ចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ក្នុងកំលុងពេលសិក្សានេះទៀតផង៕


ដោយ៖នុត នាង

ads banner