លោកជំទាវម៉ែន នារីសោភ័គ ចង់ឱ្យក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd បន្តចូលរួមរៀបចំទិវាពិភពលោកវិជ្ជាសង្រ្គោះបឋមនៅក្នុងឆ្នាំ២០២៤នេះ

(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានបំណងចង់ឱ្យក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd បន្តការចូលរួមជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកវិជ្ជាសង្រ្គោះបឋមនៅក្នុងឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «វិជ្ជាសង្រ្គោះបឋមនិងកីឡា» ។

លោកជំទាវ ម៉ែន នារីសោភ័គ បានលើកឡើងបែបនេះ នាថ្ងៃទី២៦ ខែមីនា ឆ្នំា២០២៤ ក្នុងឱកាសជួបសវនាការ និងទទួលអំណោយពីលោក គួច វរ្ម័ន នាយកប្រតិបត្តិនៃក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ដែលបាននាំយកសម្ភារៈវិជ្ជាសង្គ្រោះបឋម ចំនួន ៨មុខ សរុបជាថវិកា ៨៧៦១ដុល្លារអាមេរិក មកឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងជំនួបនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៤នេះ ។

ក្នុងជំនួបនោះលោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៤នេះ ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនអំពីខ្លឹមសារ និងសកម្មភាពសំខាន់ៗមួយចំនួនដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើការផ្សព្វផ្សាយដល់ សិស្ស-និស្សិត សាធារណជន និងប្រជាជននៅតាមសហគមន៍ ឱ្យមានការយល់ដឹងលើកកម្ពស់ការថែទាំសុខភាព និងជាពិសេសគឺធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ពីសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងស្នូល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ធ្វើជា មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត នៅតាមគ្រឹះស្ថានសិក្សារបស់ពួកគេផងដែរ ។

ជាកិច្ចឆ្លើយតប លោក គួច វរ្ម័ន បានប្តេជ្ញាចិត្តនៅក្នុងការចូលរួមសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា ដោយយកដំណឹងនេះ ទៅជួបពិភាក្សាជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះឡើងឱ្យបានល្អប្រសើរ នាសាលពិព័រណ៍កោះពេជ្រ ដោយមានការចូលរួម សហការពីក្រុមនានា សហគ្រិនវ័យក្មេងរបស់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបជូនថា សម្ភារវិជ្ជាសង្គ្រោះបឋម ជូនកាកបាទក្រហមកម្ពុជា រួមមាន៖ សម្ភារបិទ AED សម្រាប់បណ្តុះបណ្តាល ចំនួន ៥ឈុត, ឧបករណ៍ផ្តល់ដង្ហើម ១០ឈុត, កញ្ចប់សង្គ្រោះបឋមសម្រាប់ឃាត់ឈាម ១០ឈុត, កញ្ចប់សង្គ្រោះបឋម ១០ឈុត, ម៉ានីកាំងមានភ្លើងសម្រាប់ធ្វើចលនាCPR ១ឈុត, ម៉ាស៊ីន AED ៣ឈុត, ប៉ាណូបញ្ឈរសម្រាប់ផ្សព្វផ្សាយសង្គ្រោះបឋម ៦០ឈុត, និងសម្ភារស្កេនមេរៀនសង្គ្រោះបឋមដាក់លើតុ ១២០ឈុត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner