សម្ដេចតេជោ ហ៊ុន សែន៖ ចិន បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ដែលជាគំរូ សម្រាប់តួអង្គផ្សេងទៀត

(ភ្នំពេញ)៖ ចិន បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ដែលជាគំរូដ៏ត្រឹមត្រូវសម្រាប់តួអង្គផ្សេងទៀត ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវ (Boao) សម្រាប់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកទី២៨ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់តំបន់ និងពិភពលោក គឺបាននឹងកំពុងមានសេចក្ដីរីករាយ នៅពេលដែលប្រទេសចិន បានបន្តអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកជំហរ និងបង្ហាញការប្ដេជ្ញាយ៉ាងមុតមាំ នៅក្នុងការកសាងសហគមន៍ ជោគវានារួមសម្រាប់មនុស្សជាតិ តាមរយៈការលើកកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរួម សម្រាប់ទាំងអស់គ្នា ។

ទន្ទឹមនេះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិន ក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន គឺជាគំរូដ៏ត្រឹមត្រូវ សម្រាប់តួអង្គផ្សេងទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារកត្តានិន្នាការសាកលនាពេលបច្ចុប្បន្ន ដែលកំពុងមានភាពលំបាក និងមិនច្បាស់លាស់ ដូច្នេះបណ្ដាថ្នាក់ដឹកនាំនៅក្នុងតំបន់ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាឱ្យបាននូវសន្ទុះវិជ្ជមាន ហើយសកម្មភាពនៃការដឹកនាំ ត្រូវតែដឹកនាំដោយគោលការពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ដែលបម្រើឱ្យទាំងអស់គ្នា មិនមែនសម្រាប់ក្រុមណា ប្រទេសណាមួយនោះទេ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ ទ ទ ក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner