ផ្ទុះជំងឺផ្តាសាយបក្សីក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកបានរាយការណ៍នាពេលថ្មីៗនេះថា ទឹកដោះគោយកចេញពីគោចិញ្ចឹមយកទឹកដោះក្នុងកសិដ្ឋាននៅរដ្ឋ Texas និង Kansas បានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សី។

មន្ត្រីអាមេរិក និង គណៈកម្មការសុខភាពសត្វរដ្ឋ Texas បានអះអាងពីការរកឃើញវីរុសផ្តាសាយបក្សី ប្រភេទ A H5N1 ដែលគេស្គាល់អស់ជាច្រើនទស្សវត្សរ៍មកហើយ បន្ទាប់ពីបានឆ្លងរីករាលដាលនៅក្នុងខ្លួនសត្វស្លាប និងជួនកាលឆ្លងដល់មនុស្ស។

មេរោគនេះកំពុងប៉ះពាល់ដល់គោចិញ្ចឹមយកទឹកដោះចាស់ៗនៅក្នុងរដ្ឋ Texas និង Kansas រួមទាំងរដ្ឋ New Mexico ដែលបណ្តាលឱ្យមានការទិន្នផលទឹកដោះគោ។ ការប្រកាសនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីមន្ត្រីរដ្ឋ Minnesota ក៏បានប្រកាសផងដែរថា សត្វពពែនៅក្នុងកសិដ្ឋានមួយកន្លែង ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺផ្តាសាយបក្សី។

ទោះបីជាយ៉ាងណា ក្រសួងកសិកម្មអាមេរិកបានប្រកាសអះអាងថា ការផ្គត់ផ្គង់ទឹកដោះគោពាណិជ្ជកម្មនៅតែមានសុវត្ថិភាព ហើយហានិភ័យសម្រាប់មនុស្សគឺមានកម្រិតទាប។

ក្រសួងបន្តថា មុនពេលចែកចាយលក់នៅលើទីផ្សារ ទឹកដោះគោទាមទារដាច់ខាត ត្រូវតែប្រមូលពីសត្វគោចិញ្ចឹមយកទឹកដោះទាំងឡាយណា ដែលមានសុខភាពល្អ ហើយទឹកដោះគោណា ដែលប្រមូលពីសត្វឈឺនឹងត្រូវបំផ្លាញចោលតែម្តង។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២ ការផ្ទុះឡើងជំងឺផ្តាសាយបក្សីបានប៉ះពាល់ដល់សត្វបក្សីព្រៃ និងសត្វបក្សីពាណិជ្ជកម្ម មានដូចជាសត្វមាន់ និងទា ប្រហែល ៨២លានក្បាលនៅទូទាំងសហរដ្ឋអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner