ទីបំផុត Xiaomi បញ្ចេញឡានស្ព័រដំបូងវាយលុកទីផ្សាររថយន្តអគ្គិសនីពិភពលោក

ប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi ក្នុងថ្ងៃព្រហស្បតិ៍នេះ នឹងបញ្ចេញវត្តមានឡានអគ្គិសនីគ្រឿងដំបូងមិនធ្លាប់មានរបស់ខ្លួន នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ដើម្បីប្រកាសពីការត្រៀមខ្លួនវាយលុកដណ្តើមចំនែកទីផ្សាររថយន្តអគ្គិសនីរបស់ពិភពលោក។

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun និយាយថា ឥឡូវនេះគាត់កំពុងដាក់ “កេរ្តិ៍ឈ្មោះ” របស់គាត់ ជាមួយនឹងរថយន្តអគ្គិសនី SU7 EV ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តយក្ស BYD និង Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk។ លោក Lei បានគូសបញ្ជាក់ថា ឡានអគ្គិសនីគ្រឿងដំបូងរបស់ Xiaomi រចនាឡើងមានរូបរាងបែបស្ព័រ និងពោលពេញដោយប្រណីតភាព ដើម្បីបង្កើតភាពរំភើបនៃការបើកបររថយន្តស្ព័រ។

យ៉ាងណាមិញ លោក Lei មិនបានប្រាប់ពីតម្លៃវានោះទេ ប៉ុន្តែលោកបានបង្ហើបថា វានឹងក្លាយជាឡានដែលមានរូបរាងល្អបំផុត ការបើកបរល្អបំផុត និងឆ្លាតវៃបំផុត ដែលប្រហែលជាមានតម្លៃក្រោម ៥០០,០០០យ័ន ឬប្រហែល៦៩,២០០ដុល្លារ។

ការចេញលក់រថយន្ត SU7 របស់ Xiaomi កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី BYD ដែលជាក្រុមហ៊ុនលក់រថយន្តអគ្គិសនី (EVs) លំដាប់កំពូលរបស់ពិភពលោក បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំ និងកំពុងជំរុញចែកចាយរថយន្តទៅក្រៅប្រទេស ទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅអាមេរិកឡាទីន និងអឺរ៉ុប។

គួរបញ្ជាក់ថា បច្ចុប្បន្ន ចិនគឺជាប្រទេសផលិតឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែក្រុមមន្ត្រីមានគម្រោងចែកចាយលក់រថយន្តក្នុងស្រុក ដែលភាគច្រើនជារថយន្តអគ្គិសនី និងរថយន្តកូនកាត់ (សាំង-អាគុយ ឬ Hybrid) នៅឆ្នាំ២០៣៥ ដើម្បីការពារបរិស្ថាន និងទប់ស្កាត់ការកើនឡើងកំដៅភពផែនដី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner