ប្រមុខការទូតកម្ពុជា៖ ការអញ្ជើញបំពេញទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនៅបរទេសជាច្រើនរបស់សម្តេចធិបតី គឺជាគំរូវីរភាពដ៏ល្អឥតខ្ចោះនៃ «ការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន»

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនៅបរទេសជាច្រើនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីការចាប់បដិសន្ធិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ភ្លាម គឺជាគំរូវីរភាពដ៏ល្អឥតខ្ចោះនៃ «ការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន» ជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត នៃយើងទាំងអស់គ្នា. កិច្ចការទាំងអស់នេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច តាមរយៈការកៀរគរការវិនិយោគបរទេស ជំនួយបច្ចេកទេស និងប្រភពហិរញ្ញវត្ថុមកដល់កម្ពុជា ផងដែរ។

ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងការបរទេសបានបន្តថា ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងបន្ថែមទៀត ឯកឧត្តមនឹងដឹកនាំកិច្ចប្រជុំចង្អៀត ក្នុងរយៈពេល១ថ្ងៃកន្លះនេះ ដោយពិភាក្សាក្រោមមូលបទ ការងារកំណែទម្រង់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ» ជាមួយនឹងការផ្ដោតលើការងារបន្តកំណែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកំណែទម្រង់ស្ថានតំណាងកម្ពុជានៅបរទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងថា “ចាប់ផ្តើមពីការពង្រឹងរៀបចំផ្ទះរបស់យើងឱ្យបានរឹងមាំជាមុនសិន”។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្រេចដាក់ចេញនូវប្រធានបទសំខាន់ៗ សម្រាប់ធ្វើការពិភាក្សា ក្នុងការដ្ឋានសម្អាតផ្ទះយើង លើការដ្ឋានកំណែទម្រង់របស់ក្រសួងរួមមាន៖ ការងារកំណែទម្រង់ហិរញ្ញវត្ថុ, ការងារកំណែទម្រង់ការងាររដ្ឋបាល, របៀបរបប ការងារនិងរំហូរឯកសារ, ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(IT)ផ្ទៃក្នុង, បញ្ហាធនធានមនុស្ស, និងប្រព័ន្ធលើកទឹកចិត្តមន្រ្តី, ព្រមទាំងការពង្រឹងតួនាទី និងគុណភាព សកម្មភាព នៃការងារការទូតរបស់ស្ថានតំណាងកម្ពុជាយើង នៅបរទេស។

ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសង្ឃឹមជឿជាក់ និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីការទូតទាំងអស់ ចូលរួមជជែកវែកញែក ពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា ដោយត្រង់ទៅត្រង់មក ដើម្បីដោះស្រាយរួមគ្នាលើបញ្ហានីមួយៗ និងឈានដល់ការដាក់ចេញនូវយុទ្ធសាស្រ្ត គំនិតផ្តួចផ្តើម ឬគោលជំហរសំខាន់ ក៏ដូចជា ការរៀបចំផែនការនិងវិធានការងារជាក់ស្តែង ច្បាស់លាស់ ចំគោលដៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពនិងផលិតភាពខ្ពស់ សំដៅសម្រេចឱ្យបាននូវបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមរបស់យើង ជូនដល់ជាតិមាតុភូមិ និងប្រជាជនយើង ជាពិសេស ក្នុងការបន្តអនុវត្តសកម្មភាពការងារធំៗ ទាំងប្រាំ គឺ៖ ការងារទី១៖ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ការងារទី២៖ ការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន វាងវៃ ឆ្លើយតបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ។ ការងារទី៣៖ការអនុវត្តការងារការទូតសេដ្ឋកិច្ច និងវប្បធម៌។ ការងារទី៤៖ការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានា នៅក្នុងពិភពលោក និងការងារ ទី៥៖ការកែទម្រង់ផ្ទៃក្នុងក្រសួង ដើម្បីរៀបចំអង្គអ្នកការទូត ប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាព៕
ដោយ៖ពលជ័យ

ads banner