ឯកឧត្តម ហួត ហាក់ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ មានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ (CAP4) និងបទពិសោធនៃការរៀបចំថវិកាព័ត៌មានសមិទ្ធកម្ម នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ sun & moon ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រសួងអធិការកិច្ច ដែលជាអធិការកិច្ចរាជរដ្ឋាភិបាល ដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាលលើការលើកកម្ពស់អភិបាលកិច្ច ពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយបន្តអនុវត្តនូវអភិក្រមទាំង៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» និង ការកំណត់ទស្សនៈជាក់លាក់របស់សម្តេចគឺ «អធិការកិច្ចជាភ្នែក, ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។

ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា សិក្ខាសាលានៅថ្ងៃនេះ នឹងរួមចំណែកដើម្បីប្រែក្លាយគោលនយោបាយ និងកម្មវិធីកែទម្រង់ ឱ្យស្តែងឡើងជាលទ្ធផលក្នុងភាពជាក់ស្តែងតាមការរំពឹងទុក។ ឯកឧត្តមរដ្ឋមន្ត្រី បាឲនបញ្ជាក់ជាថ្មីទៀតថា ដើម្បីឱ្យសិក្ខាសាលានៅថ្ងៃនេះប្រព្រឹត្តទៅ ដោយទទួលបានលទ្ធផលផ្លែផ្កា និងមានភាពសកម្ម ឯកឧត្តម បានស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី បង្កើនស្មារតីយកចិត្តទុកដាក់ស្តាប់ និងតាំងជាសំណួរផ្សេងៗ ទៅកាន់លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាគ្រូបង្គោលមានបទពិសោធន៍ សម្រាប់ជាប្រយោជន៍យកមកអនុវត្តនៅក្នុងការងាររបស់ខ្លួន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner