ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់អង់គ្លេស ធ្លាក់ចុះ ៥.៤ភាគរយក្នុងឆ្នាំ២០២៣

ឡុងដ៍៖ យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយថ្មីៗនេះថា ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ចក្រភពអង់គ្លេស បានធ្លាក់ចុះ ៥.៤ភាគរយក្នុងឆ្នាំ២០២៣ ដោយសារតែបរិមាណឧស្ម័នដែលប្រើប្រាស់នៅក្នុងស្ថានីយ៍ថាមពលថយចុះ។

តួលេខបណ្ដោះអាសន្នរបស់រដ្ឋាភិបាលបានបង្ហាញថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងអស់ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៣៨៤,២លានតោនក្នុងឆ្នាំ២០២៣ ធ្លាក់ចុះច្រើនបើធៀបនឹងឆ្នាំ២០២២ មានចំនួន ៤០៦,២លានតោន។

ទន្ទឹមគ្នា ការបំភាយកាបូនឌីអុកស៊ីតក៏បានធ្លាក់ចុះ ៦.៦ភាគរយជារៀងរាល់ឆ្នាំផងដែរ ដល់ចំនួន ៣០២,៨ លានតោន ជារួមអង់គ្លេសបានកាត់បន្ថយរហូតដល់ ៥២.៧ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបចាប់តាំងពីឆ្នាំ១៩៩០។

រដ្ឋាភិបាលអង់គ្លេសបាននិយាយថា តួលេខនេះបានបង្ហាញថា ប្រទេសរបស់ខ្លួនកំពុងដើរដល់ពាក់កណ្តាលផ្លូវ ក្នុងការបោះជំហានឈានទៅរកការបំភាយឧស្ម័នសុទ្ធសូន្យ។ គោលដៅរបស់រដ្ឋាភិបាលអង់គ្លេស គឺឈានដល់ការបំភាយឧស្ម័នសុទ្ធសូន្យនៅត្រឹមឆ្នាំ២០៥០។

ដោយឡែកប្រទេសអាឡឺម៉ង់ នៅក្នុងខែមករា ក៏បានរាយការណ៍ពីការធ្លាក់ចុះ ៩.៨ភាគរយនៃការបញ្ចេញកាបូនឌីអុកស៊ីតក្នុងឆ្នាំ២០២៣ផងដែរ ដោយសារតែការថយចុះយ៉ាងខ្លាំងនៃការប្រើប្រាស់ធ្យូងថ្ម និងវិបត្តិនៅក្នុងវិស័យឧស្សាហកម្មរបស់ខ្លួន។

រីឯប្រទេសបារាំងវិញ កាលពីសប្តាហ៍មុនបាននិយាយថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងស្រុករបស់ខ្លួន បានធ្លាក់ចុះ ៤.៨ភាគរយក្នុងរយៈពេលដូចគ្នានេះផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner