ក្រុមហ៊ុនអចលនទ្រព្យកំពូលរបស់ចិនមួយទៀតប្រឈមនឹងការដួលរលំ

ប៉េកាំង៖ ក្រុមហ៊ុនអចលនទ្រព្យកំពូលរបស់ប្រទេសចិន Vanke នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍អំពីការធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួនរហូតដល់ ៤៦ភាគរយក្នុងឆ្នាំ២០២៣ ខណៈដែលទីផ្សារអចលនទ្រព្យប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកនេះ កំពុងជួបវិបត្តិដែលមិនធ្លាប់មានពីមុនមក។

ក្រុមហ៊ុន Vanke បានរាយការណ៍ថា ខ្លួនរកបានប្រាក់ចំណេញសុទ្ធចំនួន ១២.១៦ពាន់លានយន់ ឬប្រហែល ១.៦៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ ធ្លាក់ចុះ ៤៦.៤ភាគរយ បើធៀបនឹងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ផ្សារហ៊ុនហុងកុងកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនអចលនទ្រព្យកំពូលរបស់ប្រទេសចិននេះ បានបញ្ជាក់ថា ប្រាក់ចំណេញរបស់ខ្លួនបានស្ថិតនៅក្រោមសម្ពាធ ហើយសូចនាករដូចជាភាគហ៊ុនមូលធន និងសមាមាត្របំណុលរយៈពេលខ្លី គឺកំពុងធ្លាក់ចុះ។

Vanke គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលមួយរបស់ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនធំទីពីរក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដោយផ្អែកលើលទ្ធផលនៃការលក់កាលពីឆ្នាំ២០២៣ នេះបើយោងតាមក្រុមហ៊ុនឯកទេស CRIC។ ការធ្លាក់ចុះប្រាក់ចំណេញនេះ ធ្វើឱ្យ Vanke ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនចុងក្រោយគេ ដែលជាប់ផុងក្នុងវិបត្តិវិស័យអចលនទ្រព្យដែលកំពុងកើនឡើង បន្ទាប់ពីក្រុមហ៊ុន Evergrande និង Country Garden។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងលំនៅឋានចិន លោក Ni Hong ក៏បានទទួលស្គាល់ពីការលំបាកលើការរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ ក្នុងអំឡុងពេលថ្លែងសន្ទរកថាក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងខែនេះផងដែរ។ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យដែលត្រូវក្ស័យធន គួរតែប្រកាសក្ស័យធន ហើយក្រុមហ៊ុនដែលត្រូវការរៀបចំរចនាសម្ព័ន្ធឡើងវិញ គួរតែរៀបចំឡើងវិញ។

គួរបញ្ជាក់ថា វិស័យអចលនទ្រព្យដែលធ្លាប់មានបទពិសោធន៍ជាងពីរទសវត្សរ៍មកនេះ ជាមួយនឹងកំណើនខ្ពស់ដូចអាចម៍ផ្កាយ ដោយសារតែកម្រិតជីវភាពរបស់ប្រជាជនកើនឡើងនៅទូទាំងប្រទេសចិន បានរ៉ាប់រងរហូតដល់មួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP)។ ដើម្បីស្តារវិស័យអចលនទ្រព្យឱ្យរស់រានមានជីវិតឡើងវិញ អាជ្ញាធរចិនក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្ត និងការគាំទ្ររបស់រដ្ឋផងដែរ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះ បានជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ដល់វិស័យដែលមានជំងឺរហូតមកទល់ពេលនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner