មនុស្ស ៧នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដងស្ទូចនៅថៃ

បាងកក៖ ប៉ូលិសថៃបានរាយការណ៍នៅថ្ងៃសុក្រថា កម្មករសំណង់ចំនួន ៧នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងស្ទូចនៅឯការដ្ឋានសំណង់មួយកន្លែង។

សារព័ត៌មាន Khaosod បានចុះផ្សាយថា កម្មករចំនួន ៧នាក់បានស្លាប់ ដោយសារតែដងស្ទូចបាក់ចុះនៅកម្ពស់ ១០០ម៉ែត្រ ហើយការដ្ឋាននោះ ភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ានម៉ា។

មេប៉ូលីសក្នុងតំបន់បានរាយការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងស្រុក Pluak Daeng ខេត្ត Rayong ភាគខាងត្បូងនៃរដ្ឋធានីបាងកក ប្រទេសថៃ នៅម៉ោងប្រហែល ៤៖០០ល្ងាចថ្ងៃសុក្រ នៅឯការដ្ឋានសាងសង់រោងចក្រដែក Sin Ker Yuan កម្ពស់៦ជាន់ ដែលគ្រប់គ្រងដោយជនជាតិចិន។ ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ថាតើការបាក់ដងស្ទូចនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ។

សូមរម្លឹកថា គ្រោះថ្នាក់នៅក្នុងការដ្ឋានសាងសង់ គឺជារឿងធម្មតានៅទូទាំងប្រទេសថៃ ដោយប្រតិបត្តិករអាជីវកម្មជារឿយៗមិនអើពើនឹងតម្រូវការសុវត្ថិភាព និងដំណើរការសាងសង់ដោយគ្មានការអនុញ្ញាត។ តួយ៉ាង កាលពីខែមករា ហេតុការណ៍ផ្ទុះដ៏ធំមួយនៅរោងចក្រផលិតកាំជ្រួចក្នុងខេត្ត Suphan Buri បានសម្លាប់មនុស្ស ២៣នាក់។

ហើយយ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងជាង ១០០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រក្នុងខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីខែកក្កដាកន្លងទៅ៕ ប្រភព៖ AFP និង Bangkok Post ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner