ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីទៅប្រទេសចិន តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង

ប៉េកាំង ៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto នឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាសប្តាហ៍ក្រោយនេះ ខណៈក្រសួងការបរទេសចិនបានប្រកាសថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ ទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌូនេស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying និយាយថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក Prabowo ដែលនឹងចូលកាន់តំណែងនៅចុងឆ្នាំ២០២៤នេះ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា។

លោក ស៊ី ក្នុងខែមីនានេះ បានអបអរសាទរលោក Prabowo អតីតរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីចំពោះជ័យជម្នះរបស់គាត់ ហើយនិយាយថា លោកបានភ្ជាប់សារៈសំខាន់ដ៏អស្ចារ្យចំពោះទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី ដែលមានប្រជាជនជិត ២៨០លាននាក់។

ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតមួយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ តួយ៉ាង នៅឆ្នាំ២០២៣ ទីក្រុងហ្សាកាតាបានសម្ពោធខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារគាំទ្រដោយទីក្រុងប៉េកាំង។ ក្រុមហ៊ុនចិនបានចាក់បញ្ចូលធនធានធម្មជាតិរាប់ពាន់លាននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសវិស័យនីកែល។

ការចំណាយនោះបានបង្កភាពចលាចលជុំវិញប្រាក់ឈ្នួល និងលក្ខខណ្ឌការងារនៅក្នុងរោងចក្រកែច្នៃនីកែលដែលផ្តល់មូលនិធិដោយចិន ខណៈដែលទីក្រុងហ្សាការតាជំរុញឱ្យចិនក្លាយជាតួអង្គសំខាន់ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីក្នុងប្រទេសខ្លួន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner