សេដ្ឋកិច្ចវៀតណាមស្ទុះឡើងខ្លាំងលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩
ហាណូយ៖ យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយថ្មីៗនេះ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម កើនឡើង ៥.៦៦ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ជំរុញដោយការនាំចេញដ៏រឹងមាំ។
នេះគឺជាកំណើនត្រីមាសទី១ដ៏ខ្លាំងបំផុតរបស់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែទាបជាងការព្យាករណ៍របស់ធនាគារសង្ហិបុរី Standard Chartered ដែលមានចំនួន ៦.១ភាគរយ។ ការិយាល័យស្ថិតិទូទៅ (GSO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ ទទួលបានលទ្ធផលវិជ្ជមាន ទោះបីជាមានភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោកក៏ដោយ។
ការិយាល័យ GSO បានឱ្យដឹងថា វិស័យឧស្សាហកម្ម និងសំណង់កើនឡើង ៦.២៨ភាគរយ ខណៈដែលវិស័យសេវាកម្ម កើនឡើង ៦.១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដ៏សំខាន់មួយ វៀតណាមក៏រកចំណូលបាន ៩៣ពាន់លានដុល្លារពីការនាំចេញទំនិញនៅក្នុងត្រីមាសទី១ផងដែរ ពោលកើនឡើង ១៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក្នុងអំឡុងពេលខាងលើនេះ។ ការិយាល័យ GSO បានបញ្ជាក់ថា អតិរេកពាណិជ្ជកម្មរបស់វៀតណាម បានឈានដល់ទឹកប្រាក់ ៨.០៨ពាន់លានដុល្លារក្នុងត្រីមាសទី១ កើនឡើងពី ៤.៩៣ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរវៀតណាមកំពុងកំណត់គោលដៅស្រូបទាញកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦.៥ភាគរយនៅក្នុងឆ្នាំ២០២៤នេះ ពោលកើនឡើងពី ៥.០៥ភាគរយ ដែលទទួលបានកាលពីឆ្នាំមុន ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករណ៍ដែរថា តួលេខចុងឆ្នាំនេះ អាចនឹងឈានដល់ ៦ភាគរយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា