អាល្លឺម៉ង់គ្រោងអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់
ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ នឹងចូលរួមបដិវត្តន៍កញ្ឆាជាសកល តាមរយៈការអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆាស្របច្បាប់។
កន្លងមក គ្រប់គ្នាសុទ្ធតែបានដឹងថា កញ្ឆាជាពពួករុក្ខជាតិផ្ទុកសារធាតុញៀនដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស ហើយថែមទាំងចាត់ទុកជាផលិតផលខុសច្បាប់នៅប្រទេសជាច្រើនក្នុងពិភពលោក។ ផ្ទុយទៅវិញ ប្រទេសអាល្លឺម៉ង់គ្រោងនឹងធ្វើឱ្យច្បាប់ថ្មីមួយចូលជាធរមាន នោះគឺការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់។
ចំណាត់ការនេះ អាចជាការជំរុញឱ្យប្រទេសដទៃទៀតគិតគូរពិចារណាទៅលើការបង្កើតច្បាប់ ដើម្បីធ្វើសេរីភាវូបនីយកម្មទៅលើដំណាំកញ្ឆា។ បើសិនរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបើកភ្លើងបៃតងមែននោះ អាល្លឺម៉ង់នឹងក្លាយប្រទេសអឺរ៉ុបដ៏ធំដំបូងគេ ដែលអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់ ប៉ុន្តែក្នុងបរិមាណតិចតួចប៉ុណ្ណោះសម្រាប់មនុស្សពេញវ័យ និងជាប្រទេសទី២ បន្ទាប់ពីកាណាដា ក្នុងចំណោមប្រទេស G7។
នៅប្រទេសអាល្លឺម៉ង់ ចំនួនអ្នកធ្លាប់ប្រើប្រាស់កញ្ឆាអាយុចាប់ពី ១៨ឆ្នាំដល់២៥ឆ្នាំបានហក់ឡើងខ្ពស់សឹងតែទ្វេមួយជាពីរកាលឆ្នាំ២០២១។ ក្នុងនោះមនុស្សពេញវ័យ ជាក្រុមដែលមានបញ្ហាសុខភាពដោយសារគ្រឿងញៀនប្រភេទកញ្ឆា៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា