រយៈពេលពីរខែ”កម្មវិធីអប្សរា យប់នេះ” ទាក់ទាញការចូលមើល ជិត ១០លានដង
ភ្នំពេញ៖គ្រាន់តែក្នុងរយៈពេលពីរខែគត់នៃការផ្សាយសាកល្បងនៃ កម្មវិធី “អប្សរា យប់នេះ”(APSARA TONIGHT)នៃស្ថានីយវិទ្យុនិងទស្សន៍ អប្សរាទទួលបានការចូលមើលជិត១០លានដងពីវីដេអូព័ត៌មានប្រមាណ៣០០ឃ្លីប។តួលេខដែលមិនមែនជាការតាក់តែង បានឆ្លុះ បញ្ចាំង ពីចំណាប់ អារម្មណ៍និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើកម្មវិធីអប្សរាយប់នេះ ឬ អប្សរា ធូណាយ ។
កម្មវិធីអប្សរា យប់់នេះ ឬអប្សរា ធូណាយ ត្រូវបានប្រកាសដាក់ឱ្យ ដំណើរ ការជាផ្លូវកាលពីរសៀលថ្ងៃសុក្រទី២៩ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធី សម្ពោធ អគារការិយាល័យ AMS ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ និងវិទ្យុFM 97 MHz FM 99 MHzបន្ទាប់ពីបានដំណើរការ ផ្សាយសាកល្បងលើ កញ្ចក់ទូរទស្សន៍ និងលើបណ្ដាញសង្គមពេញរយៈពេលពីរខែ។
ដោយផ្អែកទៅលើតួលេខជិត១០លានដងនៃការចូលមើលក្នុងរយៈពេលសាកល្បងអ្នកស្រី រស់ សុធា អ្នកកាន់កម្មវិធីអប្សរា ធូណាយបានបញ្ជាក់ថា លើស ពីចំនួននៃការមើល វាឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍និងទំនុកចិត្តរបស់ប្រជា ពលរដ្ឋមកលើកម្មវិធី របស់យើង។សមិទ្ធផលនេះជាសញ្ញាបង្ហាញពីអនាគត នៃកម្មវិធី Apsara Tonight ជាអនាគត ដែលពោរពេញដោយសក្តានុពល ការរីកចម្រើន និងឧត្តមភាព។
អ្នកស្រីបន្ថែមថា អប្សរា ធូណាយមិនមែនផលិតព័ត៌មានសម្រាប់មើលខ្លួន ឯងនោះទេ តែជាព័ត៌មានដែលស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដែល ទាក់ទាញ ទស្សនិកជននិងជួយប្រជាជនក្នុងការសម្រេចចិត្តបានត្រឹមត្រូវក្នុងជីវិតរស់នៅរបស់ពួកគេ។នេះជាអំណាចនៃព័ត៌មានដែលមានតម្លាភាព។
ភាពជោគជ័យក្នុងរយៈពេលពីរខែនេះនៃអប្សរាធូណាយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដែលជំរុញឱ្យយើងបន្តបង្កើតគំនិតច្នៃប្រឌិត ពង្រឹង គុណភាព និងស្វែងរកភាពសម្បូរបែបច្រើនថែមទៀត។ការប្តេជ្ញាចិត្តនេះ មិនត្រឹមតែដើម្បីកម្មវិធី ហើយក៏មិនដើម្បីតែជាការបើកជំពូកថ្មីនៃក្រុមហ៊ុន អប្សរា ព័ត៌មាន ប៉ុន្តែជាការរួមដៃកែលម្អវិស័យសារព័ត៌មានរបស់ កម្ពុជា ទាំងមូលក្នុងយុគសម័យឌីជីថល។
ទាក់ទិននឹងកម្មវិធីដែលប្រារព្ធឡើងននេះដែរលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អប្សរា ព័ត៌មាន មានប្រសាសន៍ថា យើងមានបេសសកម្មសំខាន់ គឺផ្តល់នូវព័ត៌មានដែល មានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជន ទូទៅទាំងក្នុងប្រទេសនិងតំបន់តាម រយៈប្រព័ន្ធផ្សព្វផ្សាយទំនើប និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជនមានការរីក ចម្រើន ជាមួយការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុនក្រោមមូលបទស្នូលគឺ គុណភាព ភាពស្មោះត្រង់ ក្រមសីលធម៌វិជ្ជាជីវៈ ប្តេជ្ញាចិត្ត ច្នៃប្រឌិតខ្ពស់ និងការសហការ ផលិត និងផ្សព្វផ្សាយ ដើម្បីឧត្តមប្រយោជន៍រួម។
ចំណែកឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរបានលើកទឹកចិត្តនិង កោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនអប្សរា ព័ត៌មាន និងAMS ក្នុងការរួមចំណែកលើវិថីប្រព័ន្ធផ្សព្វផ្សាយប្រកដោយគុណភាព៕
ដោយ៖ មុនី