សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្នាដៃគំនូរចម្លាក់រចនាបទផ្សេងៗក្នុងវត្តមណីរតនារាម បានបញ្ជាក់ពីស្នាដៃសមត្ថភាពកូនខ្មែរ
(ពោធិ៍សាត់)៖ ស្នាដៃគំនូចម្លាក់រចនាបទផ្សេងៗក្នុងវត្តមណីរតនារាម បានបញ្ជាក់ពីស្នាដៃសមត្ថភាពកូនខ្មែរសុទ្ធសាធ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធី “បុណ្យឆ្លងព្រះបទុមចេតីយ វត្តមណីរតនារាម” នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្នាដៃគំនូរចម្លាក់រចនាបទផ្សេងៗ ក្នុងវត្តមណីរតនារាម បានបញ្ជាក់ពីស្នាដៃសមត្ថភាពកូនខ្មែរសុទ្ធសាធ។ សម្តេច បានបន្តថា ស្នាដៃទាំងនេះ មិនត្រឹមតែបានបំរើប្រយោជន៍ដល់អ្នកពោធិ៍សាត់នោះទេ ជាការផ្តល់ផលដល់ពលរដ្ឋទូទាំងប្រទេស។ សម្តេចធិបតី ក៏បានស្នើដល់ខេត្ត ស្រុក ក្រុង ឃ៉ំ សង្កាត់ ភូមិ បន្តបំរើដល់ប្រជាពលរដ្ឋបន្តទៀត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា សន្តិភាព ពិតជាមានសារៈសំខាន់ណាស់មិនអាចខ្វះបាន មិនអាចបាត់បង់បាននោះទេ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលគោនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការបំរើពលរដ្ដ្ឋគោលនយោបាយទាំង៦ រួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល។ ២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ ៤៖ ការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ៥៖ យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។ ៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទំាងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និង ការរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ