ជប៉ុន-ចិនពិភាក្សាគ្នាលើកដំបូង ទាក់ទិននឹងការបញ្ចេញទឹកវិទ្យុសកម្មចម្រោះរួចចូលសមុទ្រ
តូក្យូ៖ ជប៉ុន និងចិន នៅថ្ងៃសៅរ៍ បានរៀបចំកិច្ចសន្ទនាកម្រិតអ្នកជំនាញ ពាក់ព័ន្ធនឹងរឿងជប៉ុនបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយជម្លោះនេះ។
ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងតាលាន ភាគឦសានប្រទេសចិន ភាគីជប៉ុនបានអះអាងថា ការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានធ្វើព្រឹត្តិកម្មរួច គឺមានសុវត្ថិភាព និងលំអិតពីសកម្មភាពត្រួតពិនិត្យសារធាតុវិទ្យុសកម្ម។ ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា ជំនួបនេះគឺជាកិច្ចសន្ទនាក្នុងកម្រិតអ្នកជំនាញរវាងជប៉ុន និងចិនជាលើកដំបូង ស្តីពីទឹកវិទ្យុសកម្មដែលបានធ្វើព្រឹត្តិកម្មរួច ខណៈដែលទំនាក់ទំនងប្រទេសទាំងពីរជួបភាពតានតឹងទាក់ទិននឹងបញ្ហានេះ។
បើតាមក្រសួងការបរទេសជប៉ុន អ្នកពាក់ព័ន្ធបានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាបច្ចេកទេស ពាក់ព័ន្ធនឹងទឹកវិទ្យុសកម្មដែលបានធ្វើព្រឹត្តិកម្មរួច។ ជំនួបពិភាក្សាកម្រិតអ្នកជំនាញនាពេលនេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីក្នុងខែវិច្ឆិកា ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហា តាមរយៈការពិគ្រោះយោបល់ និងការសន្ទនាក្នុងលក្ខណៈស្ថាបនា នេះបើយោងតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុន។
លោក គីស៊ីដា ក៏បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលនាពេលនោះដែរថា ការពិភាក្សាផ្អែកលើវិទ្យាសាស្ត្រ នឹងប្រព្រឹត្តទៅក្នុងចំណោមអ្នកជំនាញរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មដែលបានធ្វើព្រឹត្តិកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកចំនួន៤ដងរួចមកហើយ។
ទន្ទឹមគ្នា ជប៉ុនបានអះអាងថា ការបង្ហូរទឹកវិទ្យុសកម្មនេះ គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយបានច្រានចោលការព្រួយបារម្ភអំពីផលប៉ះពាល់លើសុខភាពមនុស្ស ឬបរិស្ថាន។ ទោះបីជាយ៉ាងណា ចិនបានសម្រេចហាមឃាត់ការនាំចូលផលិតផលគ្រឿងសមុទ្រទាំងអស់មកពីប្រទេសជប៉ុន ជាការឆ្លើយតបនឹងការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានចាប់ផ្តើមក្នុងខែសីហាឆ្នាំមុន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា