ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ទស្សនកិច្ចការងារផ្លូវការលើកដំបូង នៅប្រទេសវៀតណាម ដោយជោគជ័យ ជាពិសេសលើកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងវិស័យសន្តិសុខ
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ ដើម្បីចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងសន្តិសុខសាធារណៈ និងក្រសួងនគរបាល កម្ពុជា-ឡាវ-វៀតណាម រៀបចំនៅទីក្រុងដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា ជោគជ័យស្នូល នៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺការធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងវិស័យសន្តិសុខ បន្តពីសមិទ្ធផលសហប្រតិបត្តិការដែលសាងឡើងដោយ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។
ក្នុងកិច្ចប្រជុំត្រីភាគី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដែលជាប្រធានកិច្ចប្រជុំ បានផ្លាស់ប្ដូរយោបល់គ្នាអំពីសភាពការណ៍សាកល តំបន់ និងសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន ដូចជា ស្ថានភាពសេដ្ឋកិច្ច នយោបាយ សន្តិសុខទូទៅ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ-រត់ពន្ធមនុស្សនិងល្បែងស៊ីសងខុសច្បាប់ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងសំណូមពរសម្រាប់ឆ្នាំ២០២៤។ មុនកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំង៣ ក៏បានចូលរួមក្នុងកិច្ចប្រជុំចង្អៀត ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិការឆ្នាំ២០២៣ ផងដែរ។
ឆ្លងកាត់កិច្ចប្រជុំប្រកបដោយមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាខ្ពស់ ភាគីទាំង៣ បានឯកភាពគ្នាបន្តការប្រយុទ្ធប្រឆាំងនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម បន្តការប្រយុទ្ធប្រឆាំងនិងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជំរុញអាជ្ញាធរខេត្តជាប់ព្រំដែនបន្តផ្ដល់កិច្ចសហការដល់គ្នាទៅវិញទៅមក ជាពិសេសការការសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរបស់ប្រជាជនបម្រើឱ្យជីវភាពប្រចាំថ្ងៃ និងបានប្ដេជ្ញាចិត្តគាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ និងអន្តរជាតិ ជាពិសេសក្នុងឱកាសដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងត្រូវធ្វើជាប្រធានប្ដូរវេនអាស៊ាន។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានទទួលធ្វើជាប្រធានកិច្ចប្រជុំសម្រាប់ឆ្នាំបន្ទាប់។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា ការបន្តនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងទាំងបី គឺជាកិច្ចការចាំបាច់បំផុតដែលត្រូវបន្តអនុវត្ត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងមហាផ្ទៃមានការប្ដេជ្ញាចិត្តខ្ពស់ ចូលរួមចំណែកធានាបាននូវសន្តិសុខដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រជាជននិងប្រជាជន ជាពិសេសរួមចំណែកសម្រេចបាន នូវគោលបំណងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី គឺដើម្បីសន្តិសុខ ការអភិវឌ្ឍន៍ និងភាពសុខដុមរមនា សម្រាប់ជាតិ និងប្រជាជន កម្ពុជា-ឡាវ-វៀតណាម។
ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែក ជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមទស្សនាសមយុទ្ធរវាងកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរួមគ្នាកម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ ៕
ដោយ / គ្រី សម្បត្តិ