កង្វះថាមពលធ្ងន់ធ្ងរ អ៊ីរ៉ាក់សម្រេចទិ អគ្គិសនីពីហ្ស៊កដានី
បាកដាដ៖ ប្រទេសអ៊ីរ៉ាក់បានប្រកាសថ្មីៗនេះថា ខ្សែបណ្តាញផ្គត់ផ្គង់ថាមពលមួយ បានបញ្ជូនអគ្គិសនីពីប្រទេសហ្ស៊កដានី ទៅកាន់តំបន់ព្រំដែនប្រទេសអ៊ីរ៉ាក់ ខណៈដែលអាជ្ញាធរមានគោលបំណងស្វែងរកប្រភពថាមពល ដើម្បីបន្ធូរបន្ថយការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេស។
ក្រសួងអគ្គិសនីអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែបណ្តាញអគ្គិសនីប្រវែង ៣៤០គីឡូម៉ែត្រពីប្រទេសហ្ស៊កដានី បានចាប់ផ្តើមដំណើរការជាផ្លូវការកាលពីថ្ងៃចុងសប្តាហ៍មុន។
ក្នុងដំណាក់កាលទីមួយ វានឹងផ្តល់ថាមពលចំនួន ៤០មេហ្គាវ៉ាត់ (MW) ដល់តំបន់ Al-Rutbah ក្បែរព្រំដែន។ បន្ទាប់មក សមត្ថភាពរបស់វានឹងត្រូវបានបង្កើនដល់ ១៥០មេហ្គាវ៉ាត់ និងចុងក្រោយ ៥០០មេហ្គាវ៉ាត់ ដើម្បីគ្របដណ្តប់លើតំបន់ជាច្រើននៃខេត្តអាន់បា ភាគខាងលិចនៃរដ្ឋធានីបាកដាដ។
ទោះបីជាមានទុនបំរុងប្រេងដ៏ធំក៏ដោយ ក៏អ៊ីរ៉ាក់នៅតែដាច់ចរន្តអគ្គិសនីប្រើប្រាស់រហូតដល់ ១០ម៉ោងក្នុងមួយថ្ងៃ ដោយបង្ខំឱ្យប្រជាជនជាច្រើនគ្រួសារ ត្រូវចំណាយថវិកាទិញម៉ាស៊ីនភ្លើងទុកបម្រុង។
គួរបញ្ជាក់ថា ការផលិតអគ្គិសនីផ្គត់ផ្គង់ក្នុងស្រុករបស់អ៊ីរ៉ាក់ បានរងការបំផ្លិចបំផ្លាញដោយជម្លោះជាច្រើនទសវត្សរ៍ ហើយមានការវិនិយោគលើផ្នែកនេះតិចតួចប៉ុណ្ណោះ ទើបបង្ខំឱ្យអ៊ីរ៉ាក់ពឹងផ្អែកលើការនាំចូលឧស្ម័ន និងអគ្គិសនីពីប្រទេសជិតខាងខ្លួន ដូចជាអ៊ីរ៉ង់ជាដើម។
ការដាច់ចរន្តអគ្គិសនីប្រើប្រាស់ គឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រទេសអ៊ីរ៉ាក់ ជាពិសេសនៅក្នុងរដូវក្តៅ នៅពេលដែលសីតុណ្ហភាពកើនដល់ ៥០អង្សាសេ ដែលធ្វើឱ្យតម្រូវការទូរទឹកកក និងម៉ាស៊ីនត្រជាក់កើនឡើងខ្លាំង៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា