នៅថ្ងៃទី៣ ខែមេសា៖ ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ នេះបើតាមការឱ្យដឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
សូមរម្លឹកថា ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤) ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប បង្កើន០១អាសនៈ នៅមណ្ឌលភូមិភាគទី៧ (៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ០២រូបចាត់តាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប) ស្របគ្នានឹងរដ្ឋសភាបង្កើន០២អាសនៈនៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភានីតិកាលទី៦ មានសមាជិកសរុប ចំនួន១២៥រូប)។
ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូប មានសមាជិកា ចំនួន១០រូប។
សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន ឯកឧត្តម នៃ ប៉េណា ជាអនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានទទួលមរណភាព។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស៊ឹម កា ត្រូវបានព្រឹទ្ធសភាធ្វើការបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ព្រឹទ្ធសភា៕
ដោយ៖ពលជ័យ